(វ៉ាស៉ីនតោន)៖ ក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសដាក់ទណ្ឌកម្មកាលពីថ្ងៃព្រហស្បតិ៍នេះ ទៅលើអង្គភាពចំនួ ៣ មានមូលដ្ឋាន ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) និងកប៉ាល់ដឹកប្រេងមួយគ្រឿង ដែលចុះបញ្ជីដោយប្រទេសលីបេរីយ៉ា សម្រាប់ការរំលោភ លើគោលការណ៍កំណត់តម្លៃប្រេងរបស់រុស្ស៉ី ដែលដាក់ចេញដោយក្រុមប្រទេសលោកខាងលិច។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ ២០២៤។

កាលពីខែធ្នូ ឆ្នាំ ២០២២ ក្រុមប្រទេស G7 សហភាពអឺរ៉ុប និងអូស្ត្រាលីបានហាមឃាត់ ទៅលើការប្រើប្រាស់សេវាកម្មដែនសមុទ្រ របស់លោកខាងលិច ដូចជាធានារ៉ាប់រង ការដោតទង់ជាតិ និងការដឹកជញ្ជូន របស់កប៉ាល់ដឹកមានដឹកប្រេងរុស្ស៉ី មានតម្លៃត្រឹម ឬលើសពី ៦០ដុល្លារក្នុងមួយបារ៉ែល។ នេះជាផ្នែកមួយនៃការដាក់ទណ្ឌកម្មរបស់លោកខាងលិច ដែលមានបំណងកាត់បន្ថយលទ្ធភាពធ្វើសង្រ្គាម របស់រុស្ស៉ីនៅអ៊ុយក្រែន ខណៈព្យាយាមរក្សាទីផ្សារផ្គត់ផ្គង់ប្រេងបានល្អ។

សេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងថា អង្គភាពទាំង ៣ដែលរងទណ្ឌកម្មមានដូចជា UAE - Zeenit Supply and Trading DMCC, Talassa Shipping DMCC និង Oil Tankers SCF Mgmt FZCO ក៏ដូចជានាវាដឹកប្រេង NS Leader ដែលបានចុះបញ្ជីនៅលីបេរីយ៉ា។ ទណ្ឌកម្មនេះនឹ ងនាំទៅដល់ការបង្កកទ្រព្យសកម្មរបស់អង្គភាពទាំងនោះ ដែលមាននៅក្នុងសហរដ្ឋអាមេរិក ហើយជាទូទៅរារាំងជនជាតិអាមេរិកមិនឱ្យរកស៉ីជាមួយពួកគេ។

គួរបញ្ជាក់ថា ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣មក សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើនាវាដឹកប្រេងប្រហែល ២៧គ្រឿង សម្រាប់ការដឹកប្រេងរបស់រុស្ស៉ី ដែលមានតម្លៃលើសពី ៦០ដុល្លារ ខណៈកំពុងប្រើប្រាស់សេវាកម្មដែនសមុទ្រ របស់លោកខាងលិច៕

រូបភាពពី Reuters