(ស៉ីដនី)៖ រដ្ឋមន្រ្តីមន្រ្តីទទួលបន្ទុកឧស្សាហកម្មការពារជាតិ លោក Pat Conroy បាននិយាយនៅថ្ងៃសុក្រនេះថា អូស្រ្តាលីនឹងចំណាយថវិកាបន្ថែមចំនួន ៤០០លានដុល្លារអូស្ត្រាលី ឬស្មើនឹង ២៦០លានដុល្លារអាមេរិក ដើម្បីផលិតយន្តហោះដ្រូនយោធាជំនាន់ថ្មី ដែលជាគម្រោងមួយក្នុងចំណោមគម្រោងផលិតក្នុងស្រុកផ្សេងទៀត ដែលអាចបង្កើតការងារបន្ថែម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ ២០២៤។

រដ្ឋាភិបាលអូស្រ្តាលីនិយាយថា យន្តហោះដ្រូន MQ-28A Ghost Bat ដែលរចនា និងផលិតឡើង ដោយសហការជាមួយ ក្រុមហ៊ុនបុត្រសម្ព័ន្ធអូស្ត្រាលី របស់ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing នឹងមានមុខងារជាច្រើន រួមទាំងមុខងារប្រយុទ្ធផងដែរ។ រដ្ឋាភិបាល​បាន​ចំណាយ​ប្រាក់​ចំនួន ៦០០លាន​ដុល្លារ​អូស្ត្រាលី​រួច​ហើយ​ ដើម្បី​ទិញ​យន្តហោះ​ដ្រូននោះ​ចំនួន១០គ្រឿង។ ថវិកាបន្ថែមសម្រាប់ផលិតយន្តហោះចម្បាំង Ghost Bat នឹងផ្តល់ការងារជាង ៣៥០នៅទូទាំងប្រទេស ហើយនឹងធានាបាន នូវការងារបន្តសម្រាប់អ្នកផ្គត់ផ្គង់ជាង ២០០។ លោក Conroy បានបញ្ជាក់ថា «នេះគឺជាយន្តហោះយោធាដំបូងគេ ដែលត្រូវបានរចនា និងផលិតឡើងនៅក្នុងស្រុករយៈពេលជាង ៥០ឆ្នាំ ហើយមានមុខងារច្នៃប្រឌិតខ្ពស់ប្រកបដោយជំនាញ ពីឧស្សាហកម្មការពារជាតិរបស់យើង»

គួរបញ្ជាក់ថា​ អូស្រ្តាលីកំពុងព្យាយាមបង្កើនសមត្ថភាពក្នុងស្រុក លើប្រព័ន្ធការពារជាតិ ឧទាហរណ៍ការចំណាយដ៏ច្រើននៃគម្រោង ដូចជាសម្ព័ន្ធភាពយោធា AUKUS ជាមួយសហរដ្ឋអាមេរិក និងអង់គ្លេសជាដើម៕

រូបភាពពី Reuters