(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ មន្រ្តីជាន់ខ្ពស់ម្នាក់នៃមន្ទីរបញ្ចកោណបាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មានសិទ្ធិជ្រើសរើសមេដឹកនាំយោធារបស់អ៊ុយក្រែន ហើយសហរដ្ឋអាមេរិកនឹងធ្វើការប្រកបដោយប្រសិទ្ធភាព ជាមួយប្រមុខកងទ័ពថ្មីរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកស្រី Celeste Wallander ឧបការីរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកកិច្ចសន្តិសុខអន្តរជាតិនៃមន្ទីរបញ្ចកោណ បានលើកឡើងដូច្នេះថា «លោក ហ្សេលេនស្គី គឺជាប្រធានាធិបតីនៃប្រទេសរបស់លោក ហើយខុសពីរុស្ស៉ី អ៊ុយក្រែនមានការគ្រប់គ្រង​ស៉ីវិលបែបប្រជាធិបតេយ្យ លើកងកម្លាំងយោធារបស់ខ្លួន។ សហរដ្ឋអាមេរិកគោរពព្រមទាំងនឹងបន្តធ្វើការ ជាមួយបុគ្គលនានា ដែលលោក ហ្សេលេនស្គី ជ្រើសរើសធ្វើជាអគ្គមេបញ្ជាការយោធារបស់លោក ហើយ ពួកយើងនឹងធ្វើការប្រកបដោយប្រសិទ្ធភាព ជាមួយឧត្តមសេនីយ Syrskyi»។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានសម្រេចដំឡើងតំណែងលោក Oleksandr Syrskyi ដែលជាមេបញ្ជាការកងកម្លាំងជើងគោក ឱ្យក្លាយជា​ប្រមុខកងទ័ពអ៊ុយក្រែន ជំនួសលោក Valeriy Zaluzhnyi។ លោក Zaluzhnyi បានដឹកនាំកងទ័ពអ៊ុយក្រែនយកឈ្នះលើកងទ័ពរុស្ស៉ី នៅក្នុងសមរភូមិជាច្រើននៅប៉ុន្មានខែដំបូងនៃសង្រ្គាម។ ប៉ុន្តែការបរាជ័យក្នុងប្រតិបត្តិការវាយបក កាលពីរដូវក្ដៅឆ្នាំមុន រួមទាំងការខ្វែងគំនិតគ្នាជាសាធារណៈជាមួយលោក ហ្សេលេនស្គី បានធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់លោក ក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោកប្រធានាធិបតីអ៊ុយក្រែន។ ការប្រកាសដោយផ្ទាល់របស់លោក ហ្សេលេនស្គី បានបិទបញ្ចប់ការសង្ស័យ និងពាក្យចចាមអារ៉ាមជាច្រើនសប្ដាហ៍មកនេះ ជុំវិញការដកតំណែង លោក Zaluzhnyi៕

រូបភាពពី​ Reuters