(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ ទី៧ ខែកុម្ភៈនេះបានច្រានចោលការទាមទាររបស់ក្រុមហាម៉ាស សម្រាប់បទឈប់បាញ់ និងបានបញ្ជាឱ្យកងទ័ពរបស់លោកត្រៀមលក្ខខណៈវាយសម្រុកចូលទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ជាទីដែល ប្រជាជនប៉ាឡេស្ទីនរត់ភៀសខ្លួនពីសង្រ្គាមជាង១លាននាក់ កំពុងជ្រកកោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក Netanyahu ធ្វើការកត់សម្គាល់បែបនេះប្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងបន្ទាប់ពីលោកបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken។ តាមនាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះ លោកផ្ទាល់បានបញ្ជាឱ្យកងទ័ពអ៉ីស្រាអែលត្រៀមលក្ខណៈដើម្បីធ្វើប្រតិបត្តិការនៅក្នុងទីក្រុង Rafah ហើយថា ជ័យជម្នះទាំងស្រុងរបស់អ៉ីស្រាអែលលើក្រុមហាម៉ាស នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ។ ប៉ុន្តែ លោកក៏បានព្រមានដែរថាការទទួលយកសំណើដ៏ចម្លែករបស់ ក្រុមហាម៉ាសសម្រាប់បទឈប់បាញ់នឹងមិនអាចនាំទៅរកការដោះលែងចំណាប់ខ្មាំងទេ ហើយនឹងមានតែនាំទៅរកការសម្លាប់រង្គាលជាថ្មី តែប៉ុណ្ណោះ។

តែទោះជាបែបនេះក្ដី នៅក្រោយជំនួបលោក Netanyahu រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាវានៅតែមានសង្ឃឹមថាអាច នឹងមានកិច្ចព្រមព្រៀង ហើយថាលោកក៏បានព្រមានមេដឹកនាំអ៉ីស្រាអែលដែរប្រឆាំងនឹងរាល់ការធ្វើសកម្មភាពទាំងឡាយណា ដែលដុតបញ្ឆេះភាពតានតឹង នៅក្នុងតំបន់៕

រូបភាពពី Reuters