(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃពុធ ទី៧ ខែកុម្ភៈបានព្រមានថាពិភពលោកកំពុងធ្លាក់ចូលក្នុង «យុគសម័យនៃភាពចលាចល» ខណៈក្រុមប្រឹក្សាសន្តិសុខដែលពោរពេញដោយការបែកបាក់ មិនអាចដោះស្រាយបញ្ហាសំខាន់ដូចជាសង្រ្គាមរវាង អ៉ីស្រាអែល និងក្រុមហាម៉ាសជាដើម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌ម​ាន AFP។

ប្រមុខ UN រូបនេះក៏បានព្រមានដែរថាប្រសិនបើកងទ័ពអ៉ីស្រាអែលពិតជាបង្កើនការវាយប្រហារលើទីក្រុង Rafah នោះវានឹងធ្វើឱ្យវិបត្តិមនុស្សធម៌ ដែល កំពុងតែអាក្រក់ស្រាប់ទៅហើយនោះ កាន់តែយ៉ាប់យ៉ឺន ដែលអាចនឹងបង្កផលវិបាកដល់តំបន់ទំាងមូល។ «នេះគឺជាពេលវេលាសម្រាប់បទឈប់បាញ់ មនុស្សធម៌ជាបន្ទាន់ និងការដោះលែងចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌ»។ នេះជាការគូសបញ្ជាក់របស់លោក Guterres អំឡុងថ្លែងសុន្ទរកថា មួយ ទៅកាន់មហាសន្និបាត UN។ លោក Guterres បន្ថែមទៀតថា «ពិភពលោករបស់យើងកំពុងធ្លាក់ចូលក្នុងយុគសម័យភាពចលាចល... និងពោរពេញ ដោយគ្រោះថ្នាក់ ហើយមិនអាចព្យាករទុកជាមុនបាន»

គួរបញ្ជាក់ថា ការកត់សម្គាល់ខាងលើរបស់លោក Guterres កើតមានឡើងចំពេលសង្រ្គាមក្នុងតំបន់ហ្កាហ្សា បានចូលដល់ខែទី៥ហើយកាលពីថ្ងៃពុធ ទី៧ ខែកុម្ភៈ ចាប់តាំងពីអ៉ីស្រាអែលប្រកាសសង្រ្គាមជាមួយក្រុមហាម៉ាស ចំពោះការវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕

រូបភាពពី AFP