(គៀវ)៖ អ៊ុយក្រែននៅថ្ងៃពុធសប្តាហ៍នេះ បានជំរុញឱ្យសហភាពអឺរ៉ុបចាត់វិធានការជាបន្ទាន់ ដើម្បីបង្កើនការផ្តល់គ្រាប់កាំភ្លើងធំដែលក្រុងគៀវនិយាយថា ត្រូវការជាបន្ទាន់ដើម្បីការពារសមរភូមិជួរមុខរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ការធានាបាននូវគ្រាប់កាំភ្លើងធំ គឺជាអាទិភាពមួយសម្រាប់ទីក្រុងគៀវ ដែលកំពុងតែអស់ពីស្តុកអាវុធរបស់ខ្លួន ខណៈដែលរុស្ស៊ីដាក់ពង្រាយកម្លាំង និងធនធានរបស់ខ្លួនក្នុងការប៉ុនប៉ងដើម្បីសម្រេចបាននូវទឹកដី។

រដ្ឋមន្ត្រីការបរទេស លោក Dmytro Kuleba បានប្រាប់អ្នកការទូតកំពូលអឺរ៉ុប លោក Josep Borrell ក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងគៀវថា លោករំពឹងថា សហភាពអឺរ៉ុប (EU) នឹងបន្ធូរបន្ថយការរឹតបន្តឹងបទប្បញ្ញត្តិ និងចុះហត្ថលេខាលើ «កិច្ចសន្យារយៈពេលវែង» ជាមួយក្រុមហ៊ុនការពារជាតិអ៊ុយក្រែន ដើម្បីជំរុញការផលិតមីស៊ីល។

លោក Kuleba បានប្រាប់ លោក Borrell ដូច្នេះថា «ប្រសិនបើអ្នកសួរទាហានជួរមុខ អំពីអ្វីដែលពួកគេត្រូវការបំផុតនៅពេលនេះ ចម្លើយនឹងជាគ្រាប់កាំភ្លើងធំ»។ លោកបានបន្ថែមថា «និយាយដោយស្មោះត្រង់ ពីព្រោះទំហំនៃសង្រ្គាម និងការប្រើប្រាស់កាំភ្លើងធំរបស់រុស្ស៊ីឈានដល់កម្រិតមួយ ដែលឧស្សាហកម្មការពារជាតិអឺរ៉ុប មិនទាន់បានឈានដល់នៅឡើយទេ»

លោក Kuleba ក៏បាននិយាយផងដែរថា អ៊ុយក្រែនបានរកឃើញការខ្វែងគំនិតផ្ទៃក្នុង នៅក្នុងសភាសហរដ្ឋអាមេរិក អំពីអនាគតនៃជំនួយរបស់សហរដ្ឋអាមេរិក ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បានបដិសេធមិនផ្តល់ការគាំទ្រថ្មី ដល់ប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ។

គួរបញ្ជាក់ថា មេដឹកនាំសហភាពអឺរ៉ុប កាលពីសប្តាហ៍មុនបានយល់ព្រមលើកញ្ចប់ជំនួយចំនួន ៥០ ពាន់លានអឺរ៉ូ (ឬស្មើនឹង ៥៤ ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន ប៉ុន្តែការគាំទ្ររបស់វ៉ាស៊ីនតោននៅតែស្ថិតក្នុងភាពស្រពិចស្រពិល ចំពេលមានការតស៊ូរបស់គណបក្សសាធារណរដ្ឋ។

លោក Kuleba បាននិយាយថា «កាលពីយប់មិញ ខ្ញុំបានទទួលរបាយការណ៍ចុងក្រោយ ពីទីក្រុងវ៉ាស៊ីនតោនអំពីសេណារីយ៉ូដែលអាចកើតមាន ហើយសេណារីយ៉ូមួយចំនួនបានរំឮកពីរឿងដ៏គួរឱ្យរន្ធត់ ដែលវាជាការភ័ន្តច្រឡំដ៏ធំធេង»