(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ នៅថ្ងៃពុធនេះ បានជំរុញឱ្យប្រទេសនានា កុំភ្លេចជនស៊ីវិលដែលជាប់ក្នុងសង្រ្គាមនៅប្រទេសស៊ូដង់ ហើយបានអំពាវនាវស្វែងរកជំនួយថវិកាចំនួន ៤.១ពាន់លានដុល្លារ ដើម្បីបំពេញតម្រូវការមនុស្សធម៌ និងគាំទ្រដល់ជនដែលបានភៀសខ្លួនទៅកាន់ប្រទេសជិតខាង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។

សង្រ្គាមរយៈពេល ១០ខែរបស់ប្រទេសស៊ូដង់ រវាងកងទ័ពជាតិរបស់ខ្លួន និងកងកម្លាំងប៉ារ៉ាយោធា បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស បង្កឱ្យមានការព្រមានអំពីទុរ្ភិក្ស និងបានជម្លៀសប្រជាជនរាប់លាននាក់នៅក្នុង និងក្រៅប្រទេស។

ពាក់កណ្តាលនៃចំនួនប្រជាជនស៊ូដង់ ដែលមានប្រហែល ២៥ លាននាក់ កំពុងត្រូវការជំនួយមនុស្សធម៌ និងការការពារជាបន្ទាន់ ខណៈដែលមនុស្សជាង ១.៥ លាននាក់ បានភៀសខ្លួនទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ឆាដ អេហ្ស៊ីប អេត្យូពី និងស៊ូដង់ខាងត្បូង នេះបើយោងតាមអង្គការសហប្រជាជាតិ។

ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) និងទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានចាប់ផ្តើមការអំពាវនាវរួមគ្នា សម្រាប់ថវិកាចំនួន ២.៧ ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនចំនួន ១៤.៧ លាននាក់។

ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths បានប្រាប់អ្នកការទូតនៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវថា «ប្រទេសស៊ូដង់នៅតែបន្តត្រូវបានសហគមន៍អន្តរជាតិបំភ្លេចចោល»។

លោកបាននិយាយទៀតថា «ជាផ្នែកមួយនៃការអំពាវនាវ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ កំពុងស្នើសុំថវិកាចំនួន ១.៤ ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ប្រជាជនជិត ២.៧ លាននាក់នៅក្នុងប្រទេសចំនួន ៥ ជុំវិញប្រទេសស៊ូដង់។»។​ លោកបានសង្កត់ធ្ងន់ថា «យើង​មិន​ត្រូវ​ភ្លេច​ប្រទេស​ស៊ូដង់​ទេ។ នោះជាសារសាមញ្ញរបស់ខ្ញុំថ្ងៃនេះ»។

គួរបញ្ជាក់ថា ទីភ្នាក់ងារ OCHA កាលពីឆ្នាំមុនបានអំពាវនាវសុំជំនួយ សម្រាប់ជនស៊ីវិលស៊ូដង់ ប៉ុន្តែទីភ្នាក់ងារនេះទទួលបានថវិកាដែលខ្លួនត្រូវការតិចជាងពាក់កណ្តាលប៉ុណ្ណោះ៕

រូបភាពពី Reuters