(ស្តុកខុម)៖ រដ្ឋអាជ្ញាស៊ុយអែតបាននិយាយនៅថ្ងៃពុធនេះថា ពួកគេនឹងទម្លាក់ការស៊ើបអង្កេតរបស់ខ្លួន លើករណីផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ទី១ និងទី២ ហើយប្រគល់ភស្តុតាងដែលបានរកឃើញនៅក្នុងការស៊ើបអង្កេត ទៅឱ្យក្រុមអ្នកស៊ើបអង្កេតអាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។

រដ្ឋអាជ្ញាស៊ុយអែតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការស៊ើបអង្កេតបានសន្និដ្ឋានថា យុត្តាធិការស៊ុយអែតមិនអាចអនុវត្តបានទេ ដូច្នេះហើយការស៊ើបអង្កេតគួរតែត្រូវបានបិទ»។

គួរជម្រាបថា កាលពីខែកញ្ញា ឆ្នាំ ២០២២ បំពង់បង្ហូរឧស្ម័ន Nord Stream ដែលមានតម្លៃរាប់ពាន់លានដុល្លារ ដែលបង្ហូរឧស្ម័នរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់នៅក្រោមសមុទ្របាល់ទិក ត្រូវបានខូចខាតនៅក្នុងបំផ្ទុះជាបន្តបន្ទាប់នៅក្នុងតំបន់សេដ្ឋកិច្ចស៊ុយអែត និងដាណឺម៉ាក ដោយបញ្ចេញឧស្ម័នមេតានយ៉ាងច្រើនទៅក្នុងខ្យល់។

ប៉ូលីសដាណឺម៉ាកបាននិយាយថា បំពង់បង្ហូរប្រេងនេះត្រូវបានវាយប្រហារដោយការបំផ្ទុះដ៏ខ្លាំងមួយ ហើយអ្នកស៊ើបអង្កេតស៊ុយអែតក៏បានបញ្ជាក់ផងដែរថា ដាននៃគ្រឿងផ្ទុះដែលបានរកឃើញនៅកន្លែងនោះ បង្ហាញថាវាជាសកម្មភាពបំផ្លិចបំផ្លាញដោយមានចេតនា។

ប្រទេសស៊ុយអែត ដាណឺម៉ាក និងអាល្លឺម៉ង់បានបើកការស៊ើបអង្កេតដាច់ដោយឡែកពីគ្នាលើករណីផ្ទុះ Nord Stream នេះ ហើយព័ត៌មាននីមួយៗត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង។ ការស៊ើបអង្កេតនៅប្រទេសដាណឺម៉ាក និងអាឡឺម៉ង់នៅតែកំពុងបន្ត។

រុស្សីបានស្តីបន្ទោសសហរដ្ឋអាមេរិក អង់គ្លេស និងអ៊ុយក្រែនចំពោះការខូតខាតបំពងបង្ហូរឧស្ម័ននេះ ដែលបានកាត់ផ្តាច់ខ្លួនចេញពីទីផ្សារអឺរ៉ុបដែលរកកម្រៃបាន។ ប៉ុន្តែប្រទេស​ទាំងនោះបដិសេធ​ពីការជាប់​ពាក់ព័ន្ធ។

គួរបញ្ជាក់ថា ប្រសិនបើការស៊ើបអង្កេតដែលនៅសេសសល់ទាំងពីរប្រទេស មិនអាចបង្ហាញភស្តុតាងច្បាស់លាស់ទេ នោះអាថ៌កំបាំងនៅពីក្រោយការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រទំនើប នឹងមិនអាចដោះស្រាយបានទេ៕