(ដូហា)៖ ក្រុមហាម៉ាសបានស្នើឡើង នូវផែនការបទឈប់បាញ់មួយ ដែលនឹងផ្អាកការប្រយុទ្ធគ្នានៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) សម្រាប់រយៈពេល៤ខែកន្លះ ហើយឈានទៅរកការបិទបញ្ចប់សង្រ្គាមជាមួយអ៉ីស្រាអែល ខណៈវាគឺជាការឆ្លើយតបចំពោះសំណើផ្ញើមក​កាលពីសប្តាហ៍មុន ដោយភាគីជួយសម្រុះសម្រួលជម្លោះ គឺកាតានិងអេហ្ស៉ីប ហើយដែលមានការគាំទ្រដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមសេចក្តីព្រាងសំណើខាងលើដែល Reuters បានឃើញ សំណើបទឈប់បាញ់របស់ក្រុមហាម៉ាស គឺមាន៣ដំណាក់កាល ហើយ​១ដំណាល់កាលៗ មានរយៈពេល ៤៥ថ្ងៃ។ តាមរយៈផែនការនោះ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នឹងដោះដូរចំណាប់ខ្មាំងអ៉ីស្រាអែលនៅសល់​ទាំងប៉ុន្មាន ដែលពួកគេបានចាប់យកទៅ អំលុងការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជាមួយអ្នកទោសប៉ាឡេស្ទីន ដែលជាប់ឃុំឃាំង​នៅអ៉ីស្រាអែល។ ទន្ទឹមគ្នា កិច្ចប្រឹងប្រែងស្ថាបនាតំបន់ Gaza ឡើងវិញ នឹងចាប់ផ្តើម, កងទ័ពអ៉ីស្រាអែល នឹងត្រូវដកចេញទាំងស្រុង ហើយសាកសពនឹងត្រូវដោះដូរគ្នា។

នាថ្ងៃពុធនេះ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Antony Blinken កំពុងស្ថិតនៅអ៉ីស្រាអែលជាថ្មីម្តងទៀត ក្រោយការបើកកិច្ចពិភាក្សា​នៅប្រទេសកាតានិងអេហ្ស៉ីប ក្នុងកិច្ចប្រឹងប្រែងការទូត ដែលមានគោលដៅចម្បង ស្វែងរកបទឈប់បាញ់រយៈពេលវែង ដើម្បីបិទបញ្ចប់សង្រ្គាម។ យោងតាមផែនការដដែលរបស់ក្រុមហាម៉ាស ចំណាប់ខ្មាំងអ៉ីស្រាអែលជាមនុស្សស្រី និងប្រុសអាយុក្រោម១៩ឆ្នាំ ព្រមទាំងអ្នកមានវ័យចំណាស់ និងអ្នកឈឺថ្កាត់ នឹងត្រូវដោះលែង អំឡុងដំណាល់កាលរយៈពេល៤៥ថ្ងៃដំបូង ជាថ្នូរនឹងការដោះលែងស្រ្តីនិងអនីតិជនប៉ាឡេស្ទីន ចេញពី​ពន្ធនាគារអ៉ីស្រាអែល។

ចំណែកចំណាប់ខ្មាំងប្រុសៗដែលនៅសល់ទាំងប៉ុន្មាន នឹងត្រូវដោះលែងអំលុងដំណាក់កាលទី២ ខណៈសាកសព នឹងត្រូវដោះដូរគ្នា​នៅក្នុងដំណាក់កាលទី៣។ ដល់ចុងបញ្ចប់ នៃដំណាក់កាលទី៣នោះ ក្រុមហាម៉ាសរំពឹងថា ភាគីទាំងពីរនឹងអាចឈានដល់ កិច្ចព្រមព្រៀង​ស្តីពីការបិទបញ្ចប់សង្រ្គាមនៅ Gaza។ បទឈប់បាញ់រយៈពេលវែងនេះ ក៏នឹងជួយបង្កើនលំហូរជំនួយផ្សេងៗ ទៅកាន់ប្រជាជនប៉ាឡេស្ទីន ដែលកំពុងត្រូវការពួកវាយ៉ាងចាំបាច់ជាទីបំផុតផងដែរ នៅទីនោះផងដែរ។

គួរបញ្ជាក់ថា អ៉ីស្រាអែលបានចាប់ផ្តើមធ្វើសង្រ្គាម នៅដែនដីប៉ាឡេស្ទីន Gaza Strip ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បន្ទាប់ពីពួកហាម៉ាស​បានធ្វើសកម្មភាពឆ្មក់វាយប្រហារ ទ្រង់ទ្រាយធំយ៉ាងភ្ញាក់ផ្អើល ដោយបានផ្តាច់ជីវិតមនុស្សប្រមាណ១,២០០នាក់ និងចាប់ចំណាប់ខ្មាំងជាង២៥០នាក់ នៅភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន។ យោងតាមក្រសួងសុខាភិបាលតំបន់ Gaza ជនជាតិប៉ាឡេស្ទីនកើនដល់យ៉ាងហោច​២៧,៥៨៥នាក់ហើយ បានបាត់បង់ជីវិត ក្នុងសង្រ្គាមសងសឹករបស់អ៉ីស្រាអែល៕

រូបភាពពី Reuters