(ប៉េកាំង)៖ ជាទូទៅ មុនចូលឆ្នាំថ្មីចិន អង្គភាពបក្សនិងរដ្ឋបាលគ្រប់ជាន់ថ្នាក់ប្រទេសចិន និងសហគ្រាសរដ្ឋជាដើម សុទ្ធតែជួបជុំសំណេះសំណាល ជូនពរគ្នា ដែលភាសាចិនហៅកាត់ថា “团拜会” (ការជួបជុំជូនពរឆ្នាំថ្មី)។ ពេលជួបជុំជូនពរឆ្នាំថ្មីចិន គេផ្ដល់ភេសជ្ជៈតែមួយមុខគត់គឺទឹកតែមួយពែង នេះជាទម្លាប់របស់បក្សកុម្មុយនីស្តចិន ដែលប្រកាន់ខ្ជាប់ តាំងពីសម័យនៅក្រុងយេនអាន (ខែតុលា ឆ្នាំ១៩៣៥-ខែមិនា ឆ្នាំ១៩៤៨) រហូតដល់បច្ចុប្បន្ន។ របៀប «ជួបជុំជូនពរឆ្នាំថ្មី » ផ្តួចផ្តើមដោយលោកម៉ៅសេទុង។ កាលនោះ ដើម្បីទប់ស្កាត់ទង្វើជូនកាដូ កុំឱ្យការជូនពរឆ្នាំថ្មីប៉ះពាល់ដល់ការងារ មុនចូលឆ្នាំថ្មីចិន លោកបានកោះហៅអ្នកទាំងអស់គ្នា មកជួបជុំគ្នានៅសាលប្រជុំ ម្នាក់ទឹកតែមួយកែវ គ្មានសុរាក៏សប្បាយរីករាយដែរ។

«ការជួបជុំជូនពរឆ្នាំថ្មី» ជាការបង្កើតដ៏សំខាន់មួយនៃបក្សកុម្មុយនីស្តចិន ដែលដឹកនាំផ្សព្វផ្សាយនូវវប្បធម៌ស្អាតស្អំ។ ពេលសាធារណរដ្ឋប្រជាមានិតចិន ទើបបង្កើតឡើង លោក ម៉ៅសេទុង ក៏បានបញ្ជាក់ក្នុងពិធីជួបជុំជូនពរឆ្នាំថ្មីឆ្នាំសកលថា «ប្រឆាំងអំពើពុករលួយ ប្រឆាំងនឹងការខ្ជះខ្ជាយ ប្រឆាំងនឹងការិយាធិបតេយ្យ។» តាំងពីធ្វើកំណែទម្រង់និងបើកទូលាយមក មុនចូលឆ្នាំចិន មេដឹកនាំបក្សនិងរដ្ឋចិនតែងជួបជុំសំណេះសំណាល ជាមួយតំណាងគ្រប់មជ្ឈដ្ឋាន ដើម្បីអបអរស្វាគមន៍ឆ្នាំថ្មី ជូនពរឆ្នាំថ្មី។

ប្រជាជាតិចិនយកចិត្តទុកដាក់លើសុជីវធម៌ ដែលជូនអំណោយគ្នាទៅវិញទៅមក ពេលទៅជូនពរឆ្នាំថ្មីចំពោះអ្នកដទៃដាច់ខាត មិនអាចទៅដោយដៃទទេទេ។ ប៉ុន្តែបក្សកុម្មុយនីស្តចិនមិនថា នៅសម័យសង្គ្រាមបដិវត្តន៍ដ៏លំបាកក្តី ឬពេលបច្ចុប្បន្នដែលសម្បូរ ដោយសម្ភារៈក្តី រាល់ពេលចូលឆ្នាំនិងថ្ងៃបុណ្យ បក្សកុម្មុយនីស្តចិនតែងអំពាវនាវ និងគ្រប់គ្រងសមាជិកបក្ស រក្សាទម្លាប់ «ផឹកតែមួយពែង»

ក្នុងវប្បធម៌ចិន តែតំណាងឱ្យភាពស្អាតស្អំ។ ការសន្សំសំចៃ ខិតខំតស៊ូ ជាគុណធម៌ប្រពៃណីរបស់ប្រជាជាតិចិន។ បក្សកុម្មុយនីស្តចិនធ្លាប់ទ្រាំតស៊ូ យ៉ាងលំបាកអំឡុងពេលយូរ នៅគ្រាបង្កើតបក្ស និងរដ្ឋដែលធ្លាប់ប្រឈមនឹងការខ្វះខាតយ៉ាងធ្ងន់ធ្ងរ រហូតដល់បច្ចុប្បន្ន ទោះជាប្រទេសបានអភិវឌ្ឍល្អប្រសើរ ប្រជាជនរស់នៅធូរធាបង្គួរក្តី ក៏ប៉ុន្តែនៅតែចងចាំជានិច្ចថា ទ្រព្យសម្បត្តិនិងសម្ភារៈ ទទួលបានមកយ៉ាងលំបាក ដូចនេះ ក្នុងបក្សដាច់ខាតមិនអនុញ្ញាតឱ្យសប្បាយហ៊ឺហារឡើយ ផ្ទុយពីនេះគឺផ្សព្វផ្សាយអំពាវនាវ ឱ្យសង្គមទាំងមូល អនុវត្តវប្បធម៌យុគសម័យថ្មី ដែលចេះសន្សំសំចៃ ប្រឆាំងនឹងការខ្ជះខ្ជាយ។

បន្ទាប់ពីបានឡើងកាន់មុខតំណែងជាអគ្គលេខាធិការ នៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនមក លោក Xi Jinping តែងចុះទៅត្រួតពិនិត្យការងារតាមមូលដ្ឋាន ដោយជិះឡានបែបសាមញ្ញ ដើម្បីធ្វើខ្លួនជាគម្រូ។ លោកបានដាស់តឿនសមាជិក បក្សគ្រប់ជាន់ថ្នាក់ក្រឡេកមើលប្រវត្តិសាស្ត្រឡើងវិញ ទាំងប្រទេសជាតិ និងក្រុមគ្រួសារ រីកចម្រើនដោយសារចេះសន្សំសំចៃ ដុនដាបដោយសារតែខ្ជះខ្ជាយ។ ត្រូវពង្រឹងកិច្ចកសាងវប្បធម៌ស្អាតស្អំក្នុងយុគសម័យថ្មី ផ្សព្វផ្សាយនូវឥរិយាបទដ៏ល្អប្រពៃរបស់បក្ស៕

វិទ្យុមិត្តភាពកម្ពុជាចិន