(ហ្កាហ្សា)៖ អ៊ីស្រាអែលបានបន្តការវាយប្រហារកាន់តែខ្លាំងដាក់លើ តំបន់ហ្គាហ្សាភាគខាងត្បូងខណៈ កិច្ចប្រឹងប្រែងមួយស្វែងរកការឈប់បាញ់គ្នា ក្នុងតំបន់ហ្កាហ្សា កំពុងតែមានជំហានវិជ្ជមាន រំកិលទៅមុខ។ អ៊ីស្រាអែល ត្រូវគេរាយការណ៍ថាបានបាញ់ផ្លោងដាក់លើ ឃ្លាំងមួយដែល មានជនភៀសសឹកប៉ាឡេស្ទីនរស់នៅក្នុងក្រុង Rafah។ ក្រុង Rafah គឺជាក្រុងភាគខាងត្បូង នៃតំបន់ហ្គាហ្សានិងជាកន្លែងប្រមូលផ្តុំពលរដ្ឋភៀស សឹកប៉ាឡេស្ទីនប្រមាណជាងមួយលាននាក់ដែលកំពុង រស់នៅ។ តើក្រុង Rafah នឹងក្លាយជាវាលខ្មោចកប់មនុស្សដូចក្រុង Khan Yunis ដែរឬទេ គ្រាដែលកិច្ចប្រឹងប្រែងស្វែងរក កិច្ចឈប់បាញ់គ្នាថ្មីមួយទៀត កំពុងតែមានជំហានវិជ្ជមានទៅមុខ ក្នុងពេលនេះ?

ក្រុមហាម៉ាស់និយាយថា គេបានផ្តល់ចម្លើយតបមកវិញហើយ ចំពោះសំណើបទឈប់បាញ់ ថ្មីមួយនៅក្នុងតំបន់ហ្គាហ្សា។ ការផ្តល់ចម្លើយតបមកវិញនេះ បានទន្ទឹមនឹង សេចក្តីរាយការណ៍ បារម្ភមួយខ្លាចក្រែងក្រុង Rafah នាភាគខាងត្បូងបង្អស់របស់ តំបន់ហ្គាហ្សាស្ទ្រីប នឹងក្លាយ ជាវាលកប់ខ្មោចថ្មីមួយទៀតបន្ទាប់ពីក្រុង Khan Yunis និងក្រុងហ្គាហ្សាភាគខាងជើងប្រទេស ។

នាពេលនេះព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងថ្មីដែលរៀបចំដោយអ៊ីស្រាអែល សហរដ្ឋអាមេរិក ប្រទេសកាតា និងអេហ្ស៊ីប មិនត្រូវបានបញ្ចេញឱ្យដឹងជាសាធារណៈឡើយ។ ប៉ុន្តែសេចក្តីរាយការណ៍មុននេះបាននិយាយថា បទឈប់បាញ់នោះ នឹងមានរយៈពេល៦ សប្តាហ៍ដែលចំណាប់ខ្មាំងអ៊ីស្រាអែលជាច្រើនទៀត នឹងរំពឹងត្រូវបានផ្លាស់ប្តូរជាមួយនឹងអ្នក ទោសប៉ាឡេស្ទីន។ ការផ្លាស់ប្តូរនេះទៀត មិនមែនត្រឹមតែមនុស្សរស់ប៉ុណ្ណោះទេ សាកសពនៃចំណាប់ខ្មាំង ក៏នឹងស្ថិតក្នុងសំណើត្រូវធ្វើការផ្លាស់ប្តូរផងទៀត ជាមួយនឹងអ្នកទោសប៉ាឡេស្ទីន ជាប់គុកក្នុងទឹកដីអ៊ីស្រាអែល។

អ៊ីស្រាអែល និងអាមេរិកបាននិយាយថា ពួកគេកំពុងពិនិត្យមើលការឆ្លើយតបរបស់ក្រុមហាម៉ាស ដែលបាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថាថ្នាក់ដឹកនាំរបស់ខ្លួន បានពិនិត្យ «កិច្ចព្រមព្រៀងឈប់បាញ់គ្នាដ៏ទូលំទូលាយនេះ ដោយស្មារតីវិជ្ជមាន» រួមមានចំណុចរៀបរាប់ លំអិតអំពីការធានាជំនួយនិងជម្រកស្នាក់នៅ, ការកសាងឡើងវិញ, ការលើកលែងការឡោម ព័ទ្ធរយៈពេល១៧ឆ្នាំ និងការបញ្ចប់ដំណើរការផ្លាស់ប្តូរអ្នកទោស» ផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលកំពុងបំពេញទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា បាននិយាយថា លោកនឹងពិភាក្សា អំពីការឆ្លើយតបរបស់ ក្រុមហាម៉ាសនេះ ជាមួយនឹងក្រុមមន្ត្រីនៅក្នុងប្រទេសអ៊ីស្រាអែល នៅថ្ងៃពុធទី៧កុម្ភៈ។

ប៉ុន្តែខណៈពេលដែលលោក Blinken មិនទាន់បានបង្ហាញពីទស្សនៈរបស់អាមេរិក ចំពោះការឆ្លើយតបនឹងសំណើរបស់ ក្រុមហាម៉ាសនោះ, ប្រធានាធិបតីអាមេរិកលោក Joe Biden បានពណ៌នាថា សំណើឆ្លើយតបរបស់ក្រុមហាម៉ាសនោះ ហាក់ដូចជាមានភាពខ្ពស់បន្តិច ដែលចង់បង្ហាញថាថ្នាក់ដឹកនាំអ៊ីស្រាអែល ទំនងនឹងមិនយល់ព្រមងាយស្រួល ចំពោះអ្វីដែលក្រុមហាម៉ាស បានស្នើសុំនោះទេ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើចំណុចអ្វីខ្លះ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក បានគិតថា ជាការទាមទារខ្ពស់ ដាក់ចេញដោយក្រុមហាម៉ាសនោះឡើយ។

ក្រុមអ្នកសម្របសម្រួល បានថ្លែងបារម្ភថាភាពមិនចុះសម្រុងគ្នា ណាមួយក្នុងកិច្ចព្រមព្រៀង គឺនឹងពន្យឺតដល់កិច្ចប្រឹងប្រែងស្វែង ការឈប់បាញ់ និងជាហានិភ័យកាន់តែខ្លាំងចំពោះ ចំណាប់ខ្មាំងដែលស្ថិត ក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស។ ការឈប់សម្រាកបាញ់ ប្រមាណមួយសប្តាហ៍ ក្នុងអម្លុងខែវិច្ឆិកាឆ្នាំ២០២៣កន្លងមក ចំណាប់ខ្មាំងប្រមាណ ១១០នាក់ ត្រូវបានដោះលែងជាមួយនឹងថ្នូរ អ្នកទោសប៉ាឡេស្ទីន និងចំណាប់ខ្មាំងដែលសេសល់ជាង ១០០នាក់ទៀត ត្រូវគេរំពឹងថានឹងអាចត្រូវបានដោះលែងថែមទៀត ប្រសិនណាបើកិច្ចព្រម ព្រៀងថ្មី នឹងត្រូវបានយល់ព្រមដោយភាគីអ៊ីស្រាអែល និងហាម៉ាសពីព្រោះវាជាមធ្យោបាយ តែមួយគត់ដើម្បីកាត់បន្ថយភាពតានតឹង នៅក្នុងតំបន់មជ្ឈិមបូព៌ានេះ។

កាលពីថ្ងៃអង្គារ៍ ខណៈដែលកិច្ចព្រមព្រៀង កំពុងស្ថិតក្នុងការស្វែងរកចំណុចសម្របសម្រួល គ្នាជាបន្ថែមទៀតនោះ, អ៊ីស្រាអែលបានថ្លែងថាចំណាប់ខ្មាំង ៣១ នាក់ក្នុងចំណោមចំណាប់ខ្មាំង១៣៦នាក់ ដែលសេសសល់នោះ បានបាត់ជីវិតទៅហើយ។ សេចក្តីរាយការណ៍ខ្លះទៀត បាននិយាយថាមានចំនួនចំណាប់ខ្មាំង ដែលបានស្លាប់កើនដល់ប្រមាណ៥០នាក់ហើយ។ មន្ត្រីនាំពាក្យកងកម្លាំងអ៊ីស្រាអែលលោក Daniel Hagari បានថ្លែងថាក្រុមគ្រួសារនៃចំណាប់ខ្មាំងអ៊ីស្រាអែលទាំងនោះ បានជួនដំណឹងអំពីមរណភាពនោះ និងលោកថារដ្ឋាភិបាលអ៊ីស្រាអែល នឹងបន្តជម្រុញឱ្យមានការផ្តល់សាកសពឬអដ្ឋិធាតុ ជនរងគ្រោះចំណាប់ខ្មាំងនោះ មកឱ្យក្រុមគ្រួសារអ៊ីស្រាអែលវិញ។

* ប្រទេសកាតានិយាយថាមានសញ្ញាវិជ្ជមាន

ក្នុងអម្លុងសន្និសីទកាសែតមួយនៅថ្ងៃអង្គារ៍ ទី៦កុម្ភៈ រវាងនាយករដ្ឋមន្ត្រីកាតាលោក Sheik Momammed bin Abdulrahman bin Jassim Al Thani ជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិក លោកAnthony Blinken, នាយករដ្ឋមន្ត្រីកាតា បានចាត់ទុកប្រតិកម្ម របស់ក្រុមហាម៉ាសចំពោះ សំណើឈប់បាញ់គ្នា នៅតំបន់ហ្គាហ្សានោះគឺជា «សញ្ញាវិជ្ជមានជាទូទៅ»។ នៅជាមួយគ្នានេះ ដែរប្រទេសអេហ្ស៊ីបបាននិយាយកត់សម្គាល់ថា ក្រុមហាម៉ាស ក៏បានបង្ហាញជំហរទន់ភ្លន់របស់ខ្លួនវិញ ផងដែរក្នុងពេលនេះ។

ប៉ុន្តែក្រុមហាម៉ាស់បានស្នើសុំឱ្យមានការកែប្រែមួយចំនួន ទាក់ទងនឹងការកសាងតំបន់ហ្គាហ្សាឡើងវិញ, ការវិលត្រឡប់របស់អ្នកស្រុកហ្គាហ្សា ទៅផ្ទះរបស់ពួកគេវិញ និងការផ្តល់អ្វីៗ សម្រាប់អ្នកទាំងឡាយដែលបានរត់ភៀសខ្លួន ចាកចេញពីផ្ទះសំបែងដោយសារសង្គ្រាម។ ក្រុមហាម់ាស់ នៅបានស្នើសុំរកការផ្លាស់ប្តូរទាក់ទង នឹងការព្យាបាលអ្នកដែលរងរបួ រួម ទាំងការត្រឡប់ទៅផ្ទះរបស់ពួកគេ និងការបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យនៅបរទេសផងដែរ។

សំណើដោះដូររកការឈប់បាញ់នេះ ត្រូវគេរាយការណ៍ថាត្រូវបានបញ្ជូនទៅកាន់ក្រុមហាម៉ាស់ ប្រហែលមួយសប្តាហ៍មុន ប៉ុន្តែអ្នកតំណាងម្នាក់បានប្រាប់សារព័ត៌មានថាគេទើបបាន ទទួលវារហូតដល់ថ្ងៃអង្គារ៍ទី៦ កុម្ភៈ ដើម្បីឆ្លើយតបដោយសារតែ ផ្នែកខ្លះនៃខចែងក្នុងកិច្ច ព្រមព្រៀងមិនទាន់មានភាពច្បាស់លាស់ និងខ្លះមានន័យទូលំទូលាយពេក។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken បានប្រាប់អ្នកសារព័ត៌មានក្នុងក្រុង Doha កាលពីថ្ងៃអង្គារ៍ថា «កិច្ចព្រមព្រៀងនោះសំខាន់ណាស់»។ លោកបានថ្លែងថា វានៅមានកិច្ចការជាច្រើនទៀតដើម្បីត្រូវធ្វើ» និងថា «យើងនឹងបន្តធ្វើកិច្ចការនេះដោយគ្មានឈប់សំរាក ឡើយដើម្បីឱ្យកិច្ចព្រមព្រៀងនេះ ទទួលបានជោគជ័យ»

នាយករដ្ឋមន្ត្រីកាតា លោក Sheik Momammed bin Al Thani បានថ្លែងថាកិច្ចព្រមព្រៀងនេះ នៅមានចំណុចឧបសគ្គ ជាច្រើនទៀត ដែលអ្នកសម្របសម្រួល នឹងត្រូវប្រឈមដោះស្រាយ តាមរយៈការជជែកគ្នា និងលោកបារម្ភថាព្រឹត្តិការណ៍នៅលើ សមរភូមិនឹងធ្វើឱ្យប៉ះពាល់ដល់ ដំណើរការចរចារកសន្តិភាពនេះ។ លោកបានថ្លែងរំពឹងថានឹងទទួលលទ្ធផលបានមកវិញក្នុង ពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ថាក្រុមហាម៉ាសមុននេះ ក្នុងពេលដែលមានការលើកនិយាយអំពីកិច្ចព្រមព្រៀង ណាមួយនោះ គឺតែងតែលើកអំពីការឈប់បាញ់ បញ្ចប់សង្គ្រាម ប៉ុន្តែអ៊ីស្រាអែលបាននិយាយ ថាគេនឹងមិនបញ្ចប់សង្គ្រាមទេដរាបណា បើមិនទាន់បានកម្ចាត់ក្រុមហាម៉ាសជាពិសេសអ្វី ដែលរដ្ឋាភិបាលក្រុង Tel Aviv បានដាក់ចេញរកការសម្រេចគោលដៅយោធា បីចំណុចមុន នឹងការបញ្ចប់សង្គ្រាម។

ខណៈដែលកិច្ចប្រឹងប្រែងស្វែងរកការឈប់បាញ់គ្នា ក្នុងតំបន់ហ្គាហ្សាកំពុងតែប្រព្រឹត្តទៅនេះ, សកម្មភាពវាយប្រហាររបស់អ៊ីស្រាអែល ក្នុងតំបន់ហ្គាហ្សា មិនមានសញ្ញាធូរស្រាលឡើយ។ អ៊ីសា្រអែលបានបាញ់ផ្លោងដាក់លើឃ្លាំងមួយ ដែលមានពលរដ្ឋប៉ាឡេស្ទីនរស់នៅក្នុងភូមិ Deir al Balah ក្នុងក្រុង Rafah នាតំបន់ភាគខាងត្បូងបណ្តាលឱ្យមាន មនុស្សជាច្រើនស្លាប់និងរបួស។ អង្គការសហប្រជាជាតិបានថ្លែងថា គេត្រូវតែធ្វើកិច្ចការណាមួយភ្លាមៗ ដើម្បីកុំឱ្យអ៊ីស្រាអែល វាយប្រហារដាក់លើក្រុង Rafah ពីព្រោះមានជីវិតមនុស្សច្រើនណាស់ ដែលបានរត់ភៀសខ្លួន ទៅកាន់តំបន់ភាគខាងត្បូងនោះ។

ក្រុង Rafah គឺជាក្រុងភាគខាងត្បូងនៃតំបន់ហ្គាហ្សា និងជាកន្លែងប្រមូលផ្តុំពលរដ្ឋភៀសសឹក ប៉ាឡេស្ទីនយ៉ាងហោចជាងមួយលាននាក់ ដែលកំពុងរស់នៅ។ តើក្រុង Rafah នឹងក្លាយជាទី វាលកប់ខ្មោច ដូចក្រុង Gaza ភាគខាងជើង, ឬក្រុង Khan Yunis ភាគខាងត្បូងទៀតដែរឬទេ គ្រាដែលកិច្ចប្រឹងប្រែងស្វែងរកកិច្ចឈប់បាញ់គ្នាថ្មីមួយ ទៀតនៅមិនទាន់ឈានដល់ចំណុច ឯកភាពគ្នានៅឡើយនេះ។ អង្គការសហប្រជាជាតិនិយាយបង្ហាញក្តីព្រួយបារម្ភថា ការវាយប្រ ហារណាមួយកើតឡើងនៅ ក្នុងក្រុងRafah គឺនឹងបណ្តាលឱ្យគ្រោះថ្នាក់យ៉ាងធំធេងដល់ជីវិត មនុស្សនៅទីនោះជាមិនខានឡើយ។

ជម្លោះនៅតំបន់ហ្គាហ្សាត្រូវបានបង្កឡើងដោយ អំពើវាយប្រហារឆ្លងព្រំដែនរបស់ក្រុមហាម៉ាស់ ថ្ងៃទី៧ តុលា ឆ្នាំ២០២៣ ដោយបានសម្លាប់ពលរដ្ឋលើទឹកដីអ៊ីស្រាអែល ចំនួន១ពាន់១៣៩ នាក់ និងចាប់មនុស្សជាចំណាប់ខ្មាំង ក្នុងពេលនោះប្រមាណ២៤០នាក់។

ក្នុងការប្រកាសសង្គ្រាមតបមកវិញ កងកម្លាំងអ៊ីស្រាអែលបានធ្វើការហ៊ុំព័ទ្ធផ្តាច់ការផ្គត់ផ្គង់ នានាទាំងអស់មិនឱ្យចូលមកក្នុងតំបន់ហ្គាហ្សា និងបានធ្វើសកម្មភាពវាយប្រហារ ដោយកម្លាំងទ័ពអាកាស, កម្លាំងគាំទ្រទ័ពជើងទឹក និងកងកម្លាំងថ្មើរជើងវាយសម្រុកតំបន់ហ្គាហ្សាជាមួយ នឹងការដាក់ចេញនូវគោលដៅបីធំរបស់ខ្លួន គឺកម្ទេចក្រុមហាម៉ាស មិនឱ្យមានក្នុងតំបន់ហ្គាហ្សា ការរំដោះចំណាប់ខ្មាំងនិងការធ្វើឱ្យ តំបន់ហ្គាហ្សាលែងក្លាយជាគ្រោះគំរាមកំហែងដល់ប្រទេស អ៊ីស្រាអែលនាអនាគតថែមទៀត។ ខណៈសង្គ្រាម បានឈានចូលដល់ ១២៤ថ្ងៃគិតត្រឹមថ្ងៃពុធ ទី៧កុម្ភៈឆ្នាំ២០២៤, តួលេខពលរដ្ឋក្នុងតំបន់ហ្គាហ្សា ដែលបានស្លាប់មានចំនួនដល់២ម៉ឹន៧ ពាន់៥៨៥នាក់ និងមនុស្សរងរបួសចំនួន ៦ម៉ឺន៦ពាន់៩៧៨នាក់៕

រូបភាពពី AFP