(ម៉ានីល)៖ មន្រ្តីមួយរូប បាននិយាយនៅថ្ងៃពុធនេះថា យ៉ាងហោចណាស់មនុស្សចំនួន ៥នាក់បានស្លាប់ និង ៣១នាក់រងរបួស ចំពេលភ្លៀងធ្លាក់បណ្ដាលឱ្យមានបំណាក់ដី ដោយបានលេបត្របាក់រថយន្តក្រុង២គ្រឿង និងផ្ទះសម្បែងនៅឯតំបន់ភ្នំមួយ ភាគខាងត្បូងហ្វីលីពីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ ២០២៤។

មន្ត្រីទទួលបន្ទុកគ្រោះមហន្តរាយខេត្ត លោក Edward Macapili បានប្រាប់ AFP ថា បំណាក់ដីកើតឡើងកាលពី យប់ថ្ងៃអង្គារសប្តាហ៍នេះ នៅក្នុងភូមិជីករ៉ែមួយនៃខេត្ត Davao de Oro លើកោះ Mindanao ដោយមនុស្ស ២០នាក់ ត្រូវជាប់ក្នុងរថយន្តក្រុង២គ្រឿង ដែលប្រើសម្រាប់ដឹកជញ្ជូនកម្មករអណ្តូងរ៉ែ។ សាកសពមនុស្ស ៥នាក់ត្រូវបានទាញចេញពីភក់ ប៉ុន្តែមិនច្បាស់ថាតើពួកគេ ជាអ្នកជិះនៅលើរថយន្តក្រុងឬអត់នោះទេ។ អ្នកភូមិចំនួន ៣១នាក់រងរបួសដោយ ២នាក់ក្នុងចំណោមពួកគេរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្ត Davao។

លោក Macapili បានឲ្យដឹងទៀតថា មានការរញ្ជួយដីភ្លាមៗបន្ទាប់ពីបំណាក់ដីនោះ។ កិច្ចខិតខំប្រឹងប្រែងស្វែងរកត្រូវបានផ្អាក នៅពាក់កណ្តាលអធ្រាត្រ ព្រោះស្ថានភាពមានលក្ខណៈគ្រោះថ្នាក់ខ្លាំង។ អ្នកស្រុក ២៨៥គ្រួសារមកពីភូមិ Masara និងភូមិចំនួន ៤ទៀតដែលនៅក្បែរគ្នានោះ ត្រូវបង្ខំឱ្យជម្លៀសចេញពីផ្ទះសម្បែង។

គួរបញ្ជាក់ថា ភ្លៀងបានបោកបក់ទៅលើផ្នែកខ្លះនៃកោះ Mindanao អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដោយបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួន ទៅស្នាក់នៅឯទីជម្រកបណ្តោះអាសន្ន។ បុគ្គលិកយោធា ត្រូវបានដាក់ពង្រាយដើម្បីចូលរួមក្នុងកិច្ចប្រឹងប្រែងជួយសង្រ្គោះ៕