(សេអ៊ូល)៖ ក្រសួងការពារជាតិទីក្រុងសេអ៊ូល បានឱ្យដឹងនៅថ្ងៃពុធនេះថា រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង និងសមភាគីកាតាបានឯកភាពពង្រីកបន្ថែមទៀត នូវការបណ្តុះបណ្តាលយោធារួមគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានថា ប្រមុខការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik បានជួបប្រមុខការពារជាតិកាតា លោក Khalid bin Mohammed Al Attiyah នៅឯប្រទេសកាតា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយអ្នកទាំងពីរក៏បានចុះហត្ថលេខាផងដែរ លើកិច្ចព្រមព្រៀងដើម្បីរៀបចំ កិច្ចពិភាក្សាថ្នាក់រដ្ឋមន្រ្តីជាប្រចាំ ព្រមទាំងបង្កើតមូលដ្ឋានគ្រឹះ សម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។

លោក Shin បានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោក ដែលមានរយៈពេលសរុប៧ថ្ងៃ ទៅកាន់តំបន់មជ្ឈិមបូព៌ាកាលពីសប្តាហ៍មុន។ អំលុងពេលនោះ លោក Shin ក៏បានធ្វើដំណើរទៅកាន់អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតផងដែរ ជាទីរូបលោកបានចូលរួមពិព័រណ៍ការពារជាតិ World Defense Show។ ដំណើរទស្សនកិច្ចរបស់លោក Shin គឺកើតមានឡើងចំពេលដែល កូរ៉េខាងត្បូងកំពុងព្យាយាមប្រែក្លាយខ្លួនទៅជា ​ប្រទេសផ្គង់ផ្គត់សព្វាវុធធំបំផុតមួយ នៅលើពិភពលោក។

ទិន្នន័យពីក្រសួងការពារជាតិកូរ៉េខាងត្បូង បានបង្ហាញថា ការលក់អាវុធរបស់ប្រទេសអាស៉ីបូព៌ាមួយនេះ បានកើនដល់១៧ពាន់លានដុល្លារ នៅឆ្នាំ២០២២ ធៀបនឹងត្រឹម៧.២៥ពាន់លានដុល្លារ កាលពីឆ្នាំ២០២១។ ចំណែកការនាំចេញសព្វាវុធរបស់កូរ៉េខាងត្បូង ទៅតំបន់មជ្ឈិមបូព៌ាវិញ គឺបានកើនជិត១០ដង កាលពីចន្លោះឆ្នាំ២០១៣-២០២២៕