(មូស្គូ)៖ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកូរ៉េខាងជើង បានឱ្យដឹងថា រុស្ស៉ីនិងកូរ៉េខាងជើង កំពុងតែធ្វើការរៀបចំកញ្ចប់កិច្ចព្រមព្រៀងដ៏ល្អមួយ ដើម្បីត្រៀមទុកចុះហត្ថលេខា នៅពេលប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

អគ្គឯករដ្ឋទូតរុស្ស៉ីប្រចាំកូរ៉េខាងជើង លោក Alexander Matsegora បានបង្ហើបឱ្យដឹងដូចខាងលើ នៅក្នុងសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដំបូងដោយ ទីភ្នាក់ងារព័ត៌មានរុស្ស៉ី TASS នាថ្ងៃពុធនេះ។ កាលពីឆ្នាំ២០២៣ លោក ពូទីន បានទទួលយកការអញ្ជើញរបស់​លោក គីម ជុងអ៊ុន សម្រាប់ការបំពេញទស្សនកិច្ចទៅកូរ៉េខាងជើង ហើយកាលពីខែមុននេះ វិមានក្រឹមឡាំងបាននិយាយថា កាលបរិច្ឆេទជាក់លាក់នៃដំណើរទស្សនកិច្ចនោះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ។

ក្រោយឡើងកាន់អំណាចបន្តពីលោក Boris Yeltsin នៅឆ្នាំ១៩៩៩ លោក ពូទីន ធ្លាប់បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីខែកក្កដា ឆ្នាំ២០០០ ដើម្បីជួបអតីតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៉ីល ត្រូវជាឪពុករបស់លោក គីម ជុងអ៊ុន ដែលជា​ប្រមុខដឹកនាំបច្ចុប្បន្ននៃប្រទេសកូរ៉េខាងជើង។

គួរបញ្ជាក់ថា ការបោះជំហានរបស់រុស្ស៉ី ទៅបង្កើនចំណងទាក់ទងកាន់តែជិតស្និទ្ធជាងមុនជាមួយកូរ៉េខាងជើង ក្រោយការដាក់ទណ្ឌកម្មពីសំណាក់​ក្រុមប្រទេសលោកខាងលិចលើទីក្រុងមូស្គូ ជុំវិញវិបត្តិសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន កាលពីឆ្នាំ២០២២ បានជួបនូវការព្រមានពីសហរដ្ឋអាមេរិក ដែលបានចោទប្រកាន់ថា កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ បាននិងកំពុងបង្កការគំរាមកំហែង និងប្រកបដោយភាពគ្រោះថ្នាក់៕

រូបភាពពី Reuters