(វ៉ាស៊ីនតោន)៖ យោធាអាមេរិក បានឱ្យដឹងថាក្រុមហ៊ូទីក្នុងប្រទេសយេម៉ែនបានបាញ់មីស៊ីល ៦គ្រាប់លើកប៉ាល់ដឹកទំនិញ២គ្រឿងកាលពីថ្ងៃអង្គារ ទី៦ ខែកុម្ភៈ នៅក្នុងតំបន់សមុទ្រក្រហម ដោយបណ្ដាលឱ្យកប៉ាល់មួយគ្រឿងរងការខូចខាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ការវាយប្រហាររបស់ក្រុមហ៊ូទី កើតមានឡើងតែ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយោធាអាមេរិក និងចក្រភពអង់គ្លេសបានដឹកនាំការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងក្រុមហ៊ូទីមានអ៉ីរ៉ង់ជាខ្នងបង្អែក ដែលជាការវាយប្រហាររួមគ្នាជាលើកទី៣ របស់ពួកគេ ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ ចលនាប្រដាប់អាវុធមួយនេះលើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ទីបញ្ជាការកណ្ដាលអាមេរិក ឬហៅកាត់ថា CENTCOM បានគូសបញ្ជាក់ដូច្នេះថា «ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់បានបាញ់មីស៊ីល បាលិស្ទីគប្រឆាំងនាវាចម្បាំង ៦គ្រាប់ ចេញពីតំបន់គ្រប់គ្រងដោយក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន ឆ្ពោះទៅកាន់ភាគខាងត្បូងនៃសមុទ្រក្រហម ន​ិងឈូងសមុទ្រ Aden។ តាម CENTCOM មីស៊ីល ៣គ្រាប់ បាញ់តម្រង់ទៅរកកប៉ាល់ឈ្មោះ MV Star Nasia ដោតទង់ជាតិប្រទេសដែនកោះ Marshall Islands ហើយក្នុងចំណោមមីស៊ីលទាំង៣គ្រាប់នេះ មានមួយគ្រាប់ផ្ទុះនៅក្បែរកប៉ាល់នេះដោយបង្កការខូចខាតតិចតួច តែមិនមានអ្នករងរបួសទេ។ រីឯ មីស៊ីលគ្រាប់ទី២ធ្លាក់នៅក្បែរនោះ ខណៈមីស៊ីលគ្រាប់ទី៣ ត្រូវបានបាញ់ទម្លាក់ដោយនាវាពិឃាដអាមេរិកមួយគ្រឿង។

ចំណែក មីស៊ីល ៣គ្រាប់ផ្សេងទៀត ត្រូវបានបាញ់ឆ្ពោះទៅរកកប៉ាល់ MV Morning Tide ជាកម្មសិទ្ធិរបស់ចក្រភពអង់គ្លេស ប៉ុន្តែមីស៊ីលទាំងនេះបានផ្ទុះ ក្នុងតំបន់សមុទ្រក្រហមដោយមិនបង្កការខូចខាតអ្វីទេ។

គួរបញ្ជាក់ថា បើតាមមន្ទីរបញ្ចកោណ ក្រុមហ៊ូទី បានបើកការវាយប្រហារច្រើនជាង ៤០លើកហើយលើកប៉ាល់ដឹកទំនិញ ក្នុងតំបន់សមុទ្រក្រហម ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកា ហើយក្រុមនេះក៏បានប្ដេជ្ញាដែរថានឹងបន្តការវាយប្រហាររបស់ខ្លួន រហូតទាល់តែអ៉ីស្រាអែលបញ្ចប់សង្រ្គាមប្រឆាំងនឹង ក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា៕

រូបភាពពី Reuters