(គែរ)៖ អារ៉ាប៊ីសាអូឌីត បានប្រាប់សហរដ្ឋអាមេរិកពីគោលជំហររបស់ខ្លួនថានឹងមិនមានឡើយទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែល រហូតទាល់តែ រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយត្រូវបានទទួលស្គាល់ ឈរលើព្រំដែនឆ្នាំ១៩៦៧ ហើយការឈ្លានពានរបស់អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សាត្រូវតែបញ្ឈប់។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​​ Reuters នៅថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត ធ្វើការកត់សម្គាល់ខាងលើក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធនេះ និងបន្ទាប់ពីអ្នកនាំពាក្យក្រុមប្រឹក្សា សន្តិសុខជាតិសេតវិមាន លោក John Kirby កាលពីថ្ងៃអង្គារ ទី៦ ខែកុម្ភៈបាននិយាយថារដ្ឋបាលលោក បៃដិន ទទួលបានការឆ្លើយតបជាវិជ្ជមានថា អារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល នៅតែមានឆន្ទៈបន្តកិច្ចពិភាក្សាគ្នាស្ដីពីការភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការ។

គួរបញ្ជាក់ថា កិច្ចពិភាក្សាពីភ្ជាប់ទំនាក់ទំនងការទូតរវាងអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល ត្រូវបានរាយការណ៍ថាបានចាប់ផ្ដើមឡើង ចាប់តាំងពីទីក្រុងរីយ៉ាដ បើកភ្លើងបៃតងឱ្យអេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន បង្កើតទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែលកាលពីឆ្នាំ២០២០។ ប៉ុន្តែ កិច្ចពិភាក្សានេះដែលមាន ការសម្របសម្រួលពីសហរដ្ឋអាមេរិកបានជាប់គាំង ក្រោយសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕

រូបភាពពី Reuters