(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានច្រឡំហៅប្រធានាធិបតីបារាំង លោក Emmanuel Macron​ ថាលោក François Mitterrand ដែលជាអតីតប្រធានាធិបតីបារាំង បានទទួលមរណភាពតាំងតែពីឆ្នាំ១៩៩៦មកម្ល៉េះ នៅក្នុងសុន្ទរកថាមួយត្រូវបានចែងចាយបន្តយ៉ាង ផុលផុសបន្តនៅលើបណ្ដាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី៥ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងសុន្ទរកថាអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងទីក្រុង Las Vegas លោក បៃដិន បានរំឮកឡើងវិញពីកិច្ចប្រជុំកំពូល G7 ក្នុងប្រទេស អង់គ្លេស កាលពីខែមិថុនា ឆ្នាំ២០២១ ដែលលោក Macron​ បានចូលរួមដែរនៅពេលនោះ។ ប៉ុន្តែ មិនត្រឹមតែច្រឡំលោក Macron​ ជាមួយលោក François Mitterrand ប៉ុណ្ណោះទេ លោក បៃដិន ក៏បានច្រឡំថាលោក Mitterrand ជាមេដឹកនាំអាល្លឺម៉ង់ទៅទៀត។

លោក បៃដិន បានលើកឡើងដូច្នេះថា «នៅបន្ទាប់ពីខ្ញុំជាប់ឆ្នោត ខ្ញុំបានចូលរួមកិច្ចប្រជុំកំពូល​ G7 នៅភាគខាងត្បូងប្រទេសអង់គ្លេស។ ខ្ញុំបានអង្គុយចុះ និងនិយាយថាសហរដ្ឋអាមេរិកត្រឡប់មកវិញហើយ រីឯលោក Mitterand មកពីអាល្លឺម៉ង់។ អូហ! មកពីបារាំងទេ បានសម្លឹងមើលខ្ញុំ និងនិយាយថាតើ អ្នកត្រឡប់មកវិញរយៈពេលយូរប៉ុនណា»

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលលោក បៃដិន មានអាយុ ៨១ឆ្នាំ មានការភ័ន្តច្រឡំបែបនេះ។ កាលពីខែកក្កដា ឆ្នាំ២០២៣ លោក បានច្រឡំនិយាយថាប្រជាជនអាមេរិក ១០០នាក់ប៉ុណ្ណោះបានស្លាប់ដោយសារកូវីដ ចាប់តាំងពីជំងឺនេះផ្ទុះឡើង។ តែក្រោយមកសេតវិមានកែតម្រូវ ឡើងវិញថាប្រជាជនអាមេរិកជាង ១លាននាក់បានស្លាប់ដោយសារកូវីដ។ នៅខែមិថុនា ឆ្នាំដដែល លោក បៃដិន ក៏បានច្រឡំសង្រ្គាអ៊ុយក្រែន ជាមួយ សង្រ្គាមអ៉ីរ៉ាក់ផងដែរ ដោយនិយាយថាលោកប្រធានាធិបតីរុស្ស៉ី ពូទីន កំពុងចាញ់នៅក្នុងសង្រ្គាមអ៉ីរ៉ាក់ទៅវិញ៕

រូបភាពពី​ AFP