(សាន់ត្យាហ្គោ)៖ អតីតប្រធានាធិបតីស៊ីលី លោក Sebastian Pinera បានទទួលមរណភាពហើយ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងគ្រោះថ្នាក់ ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង ខណៈរដ្ឋាភិបាលស៊ីលីប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃ ហើយមេដឹកនាំនៅទូទាំងតំបន់អាមេរិកឡាទីន ក៏បានផ្ញើសារ ចូលរួមរំលែកទុក្ខផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

បើតាមក្រុមមន្ត្រីស៊ីលី ឧទ្ធម្ភាគចក្រដឹកលោក Pinera មានអាយុ ៧៤ឆ្នាំ និងមនុស្ស៣ម្នាក់ផ្សេងទៀតបានធ្លាក់ចូលបឹងមួយ ស្ថិតនៅភាគខាងត្បូង ប្រទេសស៊ីលី។ អតីតប្រធានាធិបតីរូបនេះត្រូវបានប្រកាសថាបានស្លាប់ មួយសន្ទុះក្រោយក្រុមអ្នកជួយសង្រ្គោះធ្វើដំណើរទៅដល់កន្លែងកើតហេតុ រីឯមនុស្ស ៣នាក់ទៀតនៅរស់រានមានជីវិត។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកប្រភពចំនួន២ ដែលខ្លួនទទួលបាន បានឱ្យដឹងថាលោក Pinera គឺជាពីឡុតបញ្ជាឧទ្ធម្ភាគចក្រ ខាងលើដោយខ្លួនឯង។ ប៉ុន្តែ ព័ត៌មាននេះមិនត្រូវបានទទួលស្គាល់ដោយអាជ្ញាធរស៊ីលីទេ ហើយគោលដៅហោះហើររបស់ឧទ្ធម្ភាគចក្រនេះ និងមូលហេតុធ្លាក់ ក៏មិនទាន់ត្រូវបានបញ្ជាក់ឱ្យដឹងនោះដែរ។

គួរបញ្ជាក់ថា លោក Sebastian Pinera ធ្លាប់កាន់តំណែងជាប្រធានាធិបតីស៊ីលីចំនួន ២អាណត្តិ ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ និងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣៕

រូបភាពពី​ Reuters