(ហ្គាហ្សា)៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្ត បានកើនឡើងដល់ ២៧,៦៨៥ នាក់ និង ៦៦,៩៧៨ នាក់ផ្សេងទៀតបានរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១០៧ នាក់ និង ១៤៣ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ ក្រសួងបានបន្ថែមថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែកនៅឡើយ ដោយសារតែការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងខ្វះក្រុមការងារជួយសង្គ្រោះបន្ទាន់។

សាក្សីបានប្រាប់ទីភ្នាក់ងារព័ត៌មានស៊ីនហួរថា កងកម្លាំងអ៊ីស្រាអែលបានបំផ្ទុះអគារលំនៅដ្ឋានមួយ និងបានបំផ្លាញផ្ទះមួយខ្នងដែលនៅជិតមន្ទីរពេទ្យរដ្ឋ Nasser ក្នុងទីក្រុង Khan Yunis ភាគខាងត្បូងនៃតំបន់ Gaza Strip។ ជុំវិញបញ្ហានេះដែរ បក្សពួកប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា សមាជិករបស់ពួកគេបានប៉ះទង្គិចជាមួយកងកម្លាំងអ៊ីស្រាអែល នៅទីក្រុង Khan Younis៕

រូបភាពពី AFP