(ដាម៉ាស់)៖ ទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីរី (SANA) បានរាយការណ៍នៅថ្ងៃអង្គារសប្តាហ៍នេះថា កងកម្លាំងអាមេរិកបានបង្កើនប្រតិបត្តិការរបស់ពួកគេដើម្បី «លួចទ្រព្យសម្បត្តិជាតិរបស់ប្រទេសស៊ីរី» ជាពិសេសប្រេង និងគ្រាប់ធញ្ញជាតិ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ទីភ្នាក់ងារ SANA បានចោទប្រកាន់កងកម្លាំងអាមេរិក ពីបទរត់ពន្ធប្រេង និងគ្រាប់ធញ្ញជាតិចេញពីប្រទេសស៊ីរី តាមរយៈការឆ្លងកាត់ខុសច្បាប់ ដោយគូសបញ្ជាក់ថា ត្រឹមរយៈពេល ២៤ម៉ោងកន្លងមកនេះ ពួកគេបានដឹកជញ្ជូនវាតាមរថក្រោះចំនួន ១៦០គ្រឿង ដោយរថក្រោះទាំងនោះផ្ទុកដោយធនធានដែលលួចបានពីប្រទេសស៊ីរីឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ាក់។

ទីភ្នាក់ងារនេះបានដកស្រង់ប្រភពពីអភិបាលខេត្ត Al-Hasakah ភាគឦសាននៃប្រទេស បានឲ្យដឹងទៀតថា ក្បួនរថយន្តដឹកប្រេងចំនួន ៨៤ គ្រឿងពីវាល Al-Hasakah បានឆ្លងកាត់ព្រំដែន Mahmoudiya ទៅកាន់មូលដ្ឋានទ័ពអាមេរិកនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ ចំណែកក្បួនរថយន្តដឹកប្រេងចំនួន ៧៦ គ្រឿងទៀត ដែលដឹកស្រូវសាលី និងស្រូវបាឡេ ពីឃ្លាំងគ្រាប់ធញ្ញជាតិ ដែលរឹបអូសដោយកងជីវពល នៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលដឹកនាំដោយកងកម្លាំងឃឺដ គាំទ្រដោយសហរដ្ឋអាមេរិក បានឆ្លងកាត់ចំណុចព្រំដែន Al-Waleed ចូលទៅក្នុងប្រទេសអ៊ីរ៉ាក់។

រដ្ឋាភិបាលស៊ីរី បានបរិហារប្រតិបត្តិការរបស់អាមេរិក ដោយពណ៌នាថាជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន និងការកេងប្រវ័ញ្ចទ្រព្យសម្បត្តិជាតិរបស់ខ្លួន។ ប្រទេសស៊ីរីកំពុងរងឥទ្ធិពលនៃសង្គ្រាម ហើយការលួចធនធានសំខាន់ៗរបស់ខ្លួនធ្វើឱ្យបញ្ហាសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរឡើង។

រដ្ឋាភិបាលបានចោទសួរម្តងហើយម្តងទៀត អំពីតួនាទីរបស់កងកម្លាំងអាមេរិកនៅក្នុងប្រទេសស៊ីរី ដោយនិយាយថាពួកគេបានបំពានច្បាប់ និងបទដ្ឋានអន្តរជាតិ។

លោក Farhan Jamil Abdullah ប្រធានក្រុមហ៊ុនប្រេងស៊ីរីគ្រប់គ្រងដោយរដ្ឋ បាននិយាយកាលពីខែកក្កដាឆ្នាំមុនថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងវត្តមានយោធានៅក្នុងប្រទេសស៊ីរី បាននាំឱ្យមានការកាត់បន្ថយផលិតកម្មប្រេងរបស់ក្រុមហ៊ុនលោកពី ៣៨៥,០០០ បារ៉ែលក្នុងមួយថ្ងៃ មកត្រឹម ១៥,០០០ បារ៉ែល និងការផលិតឧស្ម័នពី ៣០លានម៉ែត្រគូបក្នុងមួយថ្ងៃ មកត្រឹមតែ ១០ លានម៉ែត្រគូបប៉ុណ្ណោះ។

លោកបាននិយាយថា រដ្ឋាភិបាលស៊ីរីបាត់បង់ការគ្រប់គ្រងលើវិស័យថាមពលភាគច្រើន ដោយសារតែវត្តមានរបស់អាមេរិកនៅក្នុងតំបន់សម្បូរប្រេងនៅភាគខាងជើង និងភាគខាងកើតប្រទេសស៊ីរី។

រដ្ឋមន្ត្រីប្រេងស៊ីរី លោក Firas Hassan Qaddour បាននិយាយកាលពីខែកក្កដាកន្លងទៅថា វត្តមានរបស់អាមេរិកនៅក្នុងប្រទេសនេះបានបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចប្រហែល ១០០ ពាន់លានដុល្លារអាមេរិកនៅក្នុងវិស័យថាមពលស៊ីរី៕

រូបភាពពី AFP