(អ៊ីស្តង់ប៊ុល)៖ រដ្ឋមន្ត្រីមហាផ្ទៃតួកគី លោក Ali Yerlikaya បាននិយាយថា មនុស្សពីរនាក់ត្រូវបានបាញ់សម្លាប់ ខណៈព្យាយាមវាយលុកអគារតុលាការក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៦ ខែកម្ភៈ ឆ្នាំ២០២៤។

លោក Yerlikaya បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា បុរសនិងស្ត្រីពីរនាក់ត្រូវបានសម្លាប់នៅម៉ោង ១១ និង ៤៦ នាទីព្រឹក (ម៉ោងក្នុងស្រុក) ខណៈពួកគេបាន «ប៉ុនប៉ងវាយប្រហារ» លើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខរបស់តុលាការ Caglayan ក្រុងអ៊ីស្តង់ប៊ុល ។

មនុស្ស​៦​នាក់បាន​រង​របួស​ក្នុង​ហេតុការណ៍​នោះ​ ដោយក្នុង​នោះ​មាន​ប៉ូលិស​៣​នាក់​ផង​ដែរ ។ លោករដ្ឋមន្ត្រីបានបន្ថែមថា «ខ្ញុំសូមអបអរសាទរចំពោះវីរភាពប៉ូលីសរបស់យើង ខ្ញុំសូមជូនពរឱ្យអ្នករបួសរបស់យើងឆាប់ជាសះស្បើយ»

តុលារ Caglayan ដែលត្រូវបានគេស្គាល់ផងដែរថាជា វិមានយុត្តិធម៌ ឬ Palace of Justice ក្នុងទីក្រុងអ៊ីស្តង់ប៊ូល គឺជាអគារតុលាការដ៏ធំមួយ ដែលមានទីតាំងនៅក្នុងសង្កាត់ Kaghisani នៅផ្នែកអឺរ៉ុបនៃទីក្រុង។

អាជ្ញាធរបានកំណត់អត្តសញ្ញាណអ្នកវាយប្រហារថា ជាសមាជិកនៃគណបក្សរំដោះប្រជាជនបដិវត្តន៍/រណសិរ្ស (DHKP/C) ដែលជាក្រុមឆ្វេងនិយម ដែលត្រូវបានចាត់ទុកថា ជាអង្គការភេរវករនៅក្នុងប្រទេសទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

ការវាយប្រហារនេះបានកើតឡើងចំថ្ងៃខួប នៃការរញ្ជួយដីនៅភាគខាងត្បូងប្រទេសតួកគី ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។

គួរបញ្ជាក់ថា ក្រុម DHKP/C មានភាពអសកម្មច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ កាលពីខែមីនា ឆ្នាំ ២០១៥ ក្រុមនេះបានចាប់ព្រះរាជអាជ្ញាម្នាក់ធ្វើជាចំណាប់ខ្មាំងនៅក្នុងតុលាការដដែល ដោយទាមទារព័ត៌មានលម្អិតអំពីការសម្លាប់ក្មេងជំទង់ម្នាក់ដោយប៉ូលីស​ ក្នុងអំឡុងពេលការតវ៉ាប្រឆាំងរដ្ឋាភិបាលកាលពីឆ្នាំមុន។

ក្រុមនេះក៏បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារអត្តឃាតកាលពីខែកុម្ភៈ ឆ្នាំ ២០១៣ លើស្ថានទូតអាមេរិកនៅទីក្រុងអង់ការ៉ា ដែលបានសម្លាប់សន្តិសុខតួកគីម្នាក់ និងរបួសមនុស្សបួននាក់ផ្សេងទៀត៕

រូបភាពពី AFP