(ប៉េកាំង)៖ “នេះជាសំបុត្ររថភ្លើងរបស់ខ្ញុំ ខ្ញុំជឿថា ដំណើរលើកនេះពិតជាមានភាពសប្បាយរីករាយណាស់!” លោក Andrew ជាគ្រូបង្រៀនសាកលវិទ្យាល័យម្នាក់ ដែលមកពីប្រទេសអង់គ្លេស លោកបានស្នាក់នៅប្រទេសចិនអស់រយៈពេល៩ឆ្នាំហើយ ។ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ លោកចង់ទៅដើរលេងនៅខេត្តក្វាងតុង ដើម្បីឈ្វេងយល់ពីភាពទាក់ទាញ របស់ក្បាច់គុនកុងហ្វូ។ ដូច្នេះលោកបានក្លាយជាអ្នកដំណើរម្នាក់ ក្នុងសកម្មភាពដឹកជញ្ជូនអ្នកដំណើរ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។

ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនយល់ឃើញថា ការដឹកជញ្ជូនអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជារៀងរាល់ឆ្នាំ ហាក់ដូចជា “ចំណាកស្រុកប្រចាំឆ្នាំរបស់ប្រជាជន ដែលមានទ្រង់ទ្រាយធំជាងគេនៅលើពិភពលោក ”។ ការដឹកជញ្ជូនអ្នកដំណើរ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ គឺចាប់ផ្តើមពីថ្ងៃទី២៦ ខែមករា រហូតដល់ថ្ងៃទី៥ ខែមីនា ដែលមានរយៈពេល៤០ថ្ងៃ។ ស្ថាប័នគមនាគមន៍និងដឹកជញ្ជូនរបស់ប្រទេសចិន បានប៉ាន់ប្រមាណថា ក្នុងអំឡុងពេលនេះ នៅទូទាំងប្រទេសចិន ប្រជាជននឹងធ្វើដំណើរក្នុងស្រុកចំនួន ៩ពាន់លានលើក ដែលបានកើនជិតទ្វេដងបើប្រៀបធៀបនឹងឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានសម្គាល់ឃើញថា ការដឹកអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន មិនត្រឹមតែបានបង្ហាញឱ្យឃើញ នូវចំនួនអ្នកដំណើររបស់ចិន ដែលបានកើនឡើងយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ជាងនេះទៅទៀត ក៏បានបង្ហាញឱ្យឃើញនូវជំនឿចិត្ត និងភាពរស់រវើក ដែលនាំមកដោយការស្តារឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ។ អ្នកវិភាគបានប៉ាន់ប្រមាណថា ឆ្នាំនេះ ទំហំលក់រាយរបស់ប្រទេសចិននឹងលើសពី ៥០ទ្រីលានយាន់ប្រាក់ចិន ដែលនឹងផ្តល់កម្លាំងជំរុញយ៉ាងខ្លាំងក្លាដល់សេដ្ឋកិច្ចចិន។

ចំនួនមនុស្សក្នុងការដឹកអ្នកដំណើរ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានបំបែកកំណត់ត្រាថ្មី ហើយមធ្យោបាយធ្វើដំណើរ ក៏មានបម្រែបម្រួលថ្មីជាច្រើនដែរ។ ទិន្នន័យបានបង្ហាញថា ក្នុងការដឹកជញ្ជូនអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ប្រជាជនចំនួនជិត៨០ភាគរយ បានជ្រើសរើសការធ្វើដំណើរដោយបើកបរផ្ទាល់ខ្លួន ការផ្សព្វផ្សាយនូវគំនិតធ្វើដំណើរបៃតង ក៏ជំរុញឱ្យមនុស្សកាន់តែច្រើនជ្រើសរើស ការបើករថយន្តថាមពលថ្មី។ ក្រោមជំនួយពី “ការផលិតដោយប្រាជ្ញាប្រទេសចិន” យន្តហោះដឹកអ្នកដំណើរធុនធំ C919 ដែលផលិតដោយប្រទេសចិន បានដាក់ឱ្យប្រើប្រាស់ជាលើកដំបូង ក្នុងការដឹកជញ្ជូនអ្នកដំណើរ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ហើយនាវាទេសចរណ៍ធុនធំ Adora Magic City ដែលផលិតដោយប្រទេសចិន ក៏បានចូលរួមក្នុងការដឹកអ្នកដំណើរ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនផងដែរ ដែលបានផ្តល់នូវជម្រើសកាន់តែច្រើន ដល់ការធ្វើដំណើររបស់ប្រជាជនចិន។

ក្រៅពីនេះ កម្មវិធីបណ្តាញទំនាក់ទំនងសង្គម ដែលអាចឆែកមើលសភាពការណ៍ចរាចរណ៍ នៅតាមផ្លូវគ្រប់ពេលវេលា ការសិក្សាស្រាវជ្រាវនិងដាក់ឱ្យប្រើប្រាស់ នូវប្រព័ន្ធលក់សំបុត្រនិងចូលច្រកដោយភាពវៃឆ្លាត ការផ្តល់សេវាកម្មតាមការកំណត់ និងការប្រើប្រាស់យ៉ាងទូលំទូលាយនៃបច្ចេកវិទ្យាឌីជីថល។ល។ ប្រការទាំងនេះបានបំពេញតាមតម្រូវការ របស់អ្នកដំណើរដែលមានភាពសម្បូរបែបពី មួយថ្ងៃទៅមួយថ្ងៃ។

អ្នកជំនាញបានបង្ហាញថា ការលេចចេញបម្រែបម្រួលបែបនេះ មួយផ្នែកគឺដោយមកពីការអភិវឌ្ឍ យ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា ជាពិសេសគឺការផ្សព្វផ្សាយនិងការប្រើប្រាស់ នូវបច្ចេកវិទ្យា ដូចជាបណ្តាញអ៊ីនធឺណែត ទិន្នន័យធំនិងភាពវៃឆ្លាតសិប្បនិមិ្មតជាដើម ដែលបាននាំមកនូវលទ្ធភាពថ្មីដល់ការដឹកជញ្ជូន អ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ មួយផ្នែកទៀត យោងតាមការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម អ្នកដំណើរក៏មានតម្រូវការកាន់តែខ្ពស់ចំពោះការធ្វើដំណើរផងដែរ។ ប្រការនេះជំរុញឱ្យបណ្តាគ្រប់ភាគីច្នៃប្រឌិតថ្មី នូវវិធីផ្តល់សេវាកម្ម ដើម្បីបំពេញតម្រូវការក្នុងទីផ្សារ។ ប្រការដែលគួរឱ្យលើកឡើងនោះ គឺយោងតាមហេដ្ឋារចនាសម័្ពន្ធគមនាគមន៍របស់ចិន មានភាពល្អពេញលេញ និងការផ្លាស់ប្តូរនៃគំនិតធ្វើដំណើរ គោលដៅនៃការដឹកអ្នកដំណើរ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនក៏កាន់តែមានភាពសម្បូរបែប។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសចិនបានសាងសង់រួចរាល់នូវបណ្តាញផ្លូវដែកល្បឿនលឿន បណ្តាញផ្លូវល្បឿនលឿន និងបណ្តាញកំពង់ផែខ្នាតអន្តរជាតិធំជាងគេ នៅលើពិភពលោក ផ្លូវតាមអាកាសនិងតាមសមុទ្រ បានតភ្ជាប់ជាមួយពិភពលោកទាំងមូល។ ប្រការនេះមិនត្រឹមតែ បានកាត់បន្ថយពេលវេលា ធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញរបស់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើឱ្យប្រជាជនចិន អាចធ្វើដំណើរទៅកាន់ តំបន់កាន់តែឆ្ងាយផងដែរ។

ពីការចូលចិត្តធ្វើទេសចរណ៍ ដល់ការចូលចិត្តទិញទំនិញ ពីមជ្ឈមណ្ឌលគមនាគមន៍ដែលមានទិដ្ឋភាពដ៏មមាញឹក ដល់ទីផ្សារដែលមានប្រជាប្រិយភាពខ្លាំង ទិដ្ឋភាពដ៏អ៊ូអរក្នុងការដឹកជញ្ជូនអ្នកដំណើរ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានបង្ហាញឱ្យឃើញនូវទំនាក់ទំនង ផ្នែកសេដ្ឋកិច្ចរវាងទីក្រុងនិងជនបទ និងតំបន់នានារបស់ចិន ដែលមានភាពកាន់តែ ជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏បានបង្ហាញឱ្យឃើញនូវបំណងប្រាថ្នា របស់ប្រជាជនចិនចំពោះ ជីវភាពរស់នៅដ៏ល្អប្រសើរ។ ឆ្លងតាមរយៈសភាពការណ៍ក្នុងការដឹកអ្នកដំណើរ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ពិភពលោកបានឃើញនូវប្រទេសចិនមួយ ដែលពោរពេញទៅដោយកម្លាំងរស់រវើកយ៉ាងខ្លាំង៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តកម្ពុជាចិន