(គែរ)៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានទៅដល់ប្រទេសអេហ្ស៉ីបនៅថ្ងៃអង្គារនេះ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចតំបន់មជ្ឈិមបូព៌ា ដើម្បីស្វែងរកបទឈប់បាញ់ថ្មី និងការបញ្ចប់សង្រ្គាមអ៉ីស្រាអែល-ហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ ២០២៤។

នេះជាដំណើរទស្សនកិច្ចលើកទី ៥របស់លោក Blinken ទៅកាន់តំបន់នោះ ចាប់តាំងពីសង្រ្គាមនៅហ្គាហ្សាផ្ទុះឡើង ដែលរួមមានឆៀងចូលអ៉ីស្រាអែល និងកាតា ផងដែរ។ បន្ទាប់ពីទៅដល់ទីក្រុងគែរ លោក Blinken នឹងត្រូវជួបលោកប្រធានាធិបតី Abdel Fattah El-Sisi មួយថ្ងៃក្រោយជួបពិភាក្សាជាមួយព្រះអង្គម្ចាស់ Mohammed bin Salman រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត។ គេរំពឹងថា លោក Blinken នឹងស្វែងរកការគាំទ្រដល់កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលផ្តើមឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីខែមករា តែនៅមិនទាន់បានចុះហត្ថលេខាពីក្រុមហាម៉ាស ឬអ៉ីស្រាអែល។

គួរបញ្ជាក់ថា នៅខណៈដែល លោក Blinken កំពុងជំរុញមធ្យោបាយការទូត កងកម្លាំងអ៉ីស្រាអែល បានបន្តឆ្ពោះទៅកាន់ទីក្រុងនៃតំបន់ Rafah និងជាទីក្រុងក្នុងដែនដីប៉ាឡេស្ទីន ជាប់ព្រំដែនភាគខាងត្បូងជាមួយអេហ្ស៉ីប ហើយប្រជាជនហ្គាហ្សាជាងពាក់កណ្តាល កំពុងជ្រកកោននៅទីនោះ៕

រូបភាពពី Reuters