(ប៊ុយដាប៉ែស)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រុមឯកអគ្គរដ្ឋទូតមកពីសហរដ្ឋអាមេរិក​ និងប្រទេស NATO ដទៃទៀត រួមមានទាំង​ប៉ូឡូញ ដាណឺម៉ាក និងស្លូវ៉ាគី បាននាំគ្នាបង្ហាញវត្តមាននៅសភានៃប្រទេសហុងគ្រី ដើម្បីដាក់សម្ពាធឱ្យទីក្រុងប៊ុយដាប៉ែស ផ្តល់សច្ចាប័នឱ្យបានឆាប់​ចំពោះពាក្យស្នើសុំសមាជិកភាព NATO របស់ប្រទេសស៊ុយអែត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។

សម័យប្រជុំវិសាមញ្ញខាងលើរបស់សភាហុងគ្រី ត្រូវបានស្នើដោយក្រុមគណបក្សប្រឆាំង ដើម្បីបោះឆ្នោតលើការផ្តល់សច្ចាប័នកាលពីថ្ងៃចន្ទ ប៉ុន្តែក្រុមតំណាងរាស្រ្តមកពីគណបក្សកាន់អំណាច Fidesz បានធ្វើពហិការ ជាហេតុធ្វើឱ្យសម័យប្រជុំនោះខ្វះចំនួនគូរ៉ុម ដែលមានន័យថា ការផ្តល់សច្ចាប័ននឹងត្រូវពន្យារពេលបន្តទៀត។ ក្រុមសមាជិកសភាបក្ស Fidesz បាននិយាយថា ពួកគេចង់ឱ្យនាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson មកបំពេញទស្សនកិច្ចនៅប៊ុយដាប៉ែសសិន មុនពួកគេផ្តល់សច្ចាប័ន។

គួរបញ្ជាក់ថា បន្ទាប់ពីការផ្តល់សច្ចាប័នរបស់តួកគីកាលពីពេលថ្មីៗកន្លងទៅនេះ ហុងគ្រីគឺជាសមាជិក NATO ចុងក្រោយគេបង្អស់ ដែលនៅអែអង់ពុំ​ទាន់ផ្តល់សច្ចាប័ន ចំពោះសមាជិកភាពរបស់ទីក្រុងស្តុកខុល។ ដើម្បីអាចក្លាយជាសមាជិកបាន ពាក្យស្នើសុំចាំបាច់ត្រូវទទួលបាន ​ការផ្តល់សច្ចាប័នពីសមាជិក NATO បច្ចុប្បន្នទាំងអស់។ ស៊ុយអែតបានស្នើសុំចូលរួមក្នុង NATO កាលពីខែឧសភា ឆ្នាំ២០២២ គឺក្នុង​ពេលដំណាលគ្នាជាមួយហ្វាំងឡង់ បន្ទាប់ពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន បានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំដដែលនោះ។ យ៉ាងណាមិញ ផ្ទុយពីស៊ុយអែត ហ្វាំងឡង់បានក្លាយជាសមាជិក NATO ជាផ្លូវការ តាំងតែពីខែមេសា ឆ្នាំមុនម្ល៉េះ៕

រូបភាពពី Reuters