(បាងកក)៖ មន្រ្តីថៃបានឱ្យដឹងនៅថ្ងៃអង្គារនេះថា ប៉ូលិសថៃបានដាក់ពាក្យចោទប្រកាន់ លើអតីតនាយករដ្ឋមន្រ្តីលោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ពីបទប្រមាថអង្គព្រះមហាក្សត្រ ជុំវិញពាក្យសម្តីដែលរូបលោកធ្លាប់និយាយ កាលពីជិត១ទសវត្សរ៍មុន ប៉ុន្តែភ្លាមៗបែបនេះ វាមិនទាន់ច្បាស់នៅឡើយទេ ថាតើសំណុំរឿងនឹងត្រូវឡើងដល់តុលាការ ដែរឬយ៉ាងណា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ថាក់ស៉ីន បានវិលត្រឡប់ពីការនិរទេសខ្លួនវិញ កាលពីខែសីហា ឆ្នាំមុន ហើយត្រូវបានតុលាការថៃកាត់ទោសភ្លាមៗ ឱ្យជាប់ពន្ធនាគារពាក់ព័ន្ធសំណុំរឿងពុករលួយ និងរំលោភអំណាចយូរមកហើយ។ លោក ថាក់ស៉ីន ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តី ចាប់ពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០០៦ នៅពេលដែលលោក ត្រូវបានគេធ្វើរដ្ឋប្រហារយោធា។ ក្រោយចូលពន្ធនាគារបានមួយភ្លែត លោក ថាក់ស៉ីន ក៏ត្រូវ​បានបញ្ជូនទៅកាន់មន្ទីរពេទ្យរបស់ប៉ូលិស ហើយកំពុងបន្តសម្រាកនៅទីនោះ បន្ទាប់ពីបានទទួលការវះកាត់យ៉ាងហោច២លើក។

លោក Prayuth Pecharakun អ្នកនាំពាក្យការិយាល័យអគ្គព្រះអាជ្ញាថៃ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ខាងប៉ូលិសបានដាក់ពាក្យចោទប្រកាន់ប្រឆាំងលោក ថាក់ស៉ីន កាលពីចុងខែមុន ជុំវិញការអត្ថាធិប្បាយដែលរូបលោកបានធ្វើឡើង នៅទីក្រុងសេអ៊ូលកាលពី​ឆ្នាំ២០១៥។ បើតាមលោក Prayuth ក្រុមព្រះរាជអាជ្ញាថៃ នឹងរង់ចាំឱ្យប៉ូលិសបញ្ចប់ការស៉ើបអង្កេតរបស់ពួកគេសិន មុនពេលសម្រេច​ថា តើនឹងបន្តនីតិវិធីសំណុំរឿងនេះ ប្រឆាំងលោក ថាក់ស៉ីន ដែរឬយ៉ាងណា ខណៈលោក ថាក់ស៉ីន បានច្រានចោលការចោទប្រកាន់នោះ ហើយបានសរសេរលិខិតមកកាន់អគ្គព្រះរាជអាជ្ញា ស្នើសុំការប្រព្រឹត្តដោយមានភាពយុត្តិធម៌ មកលើរូបលោក។

គួរបញ្ជាក់ថា ការវិលត្រឡប់ចូលស្រុកវិញរបស់លោក ថាក់ស៉ីន គឺគាប់ជួនពេលគណបក្ស Pheu Thai ដែលមានលោកនៅពីក្រោយ បានឡើងកាន់អំណាចនៅប្រទេសថៃ ក្រោយចាប់ដៃគ្នាជាមួយក្រុមគណបក្ស ដែលគាំទ្រយោធា។ ភាពគាប់ជួននោះ ក៏បាននាំឱ្យមាន​ពាក្យចចាមអារ៉ាមថា តាមពិតគឺមានកិច្ចព្រមព្រៀងក្រៅឆាក ដើម្បីជួយលោក ថាក់ស៉ីន ហើយការសង្ស័យក៏មានការជំរុញកាន់តែខ្លាំងទៀត នៅពេលព្រះមហាក្សត្រថៃ ស្រាប់តែសម្រេចព្រះទ័យ បន្ធូរបន្ថយទោសត្រូវជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំរបស់លោក ថាក់ស៉ីន មកនៅត្រឹម​១ឆ្នាំ៕