(ប៉េកាំង)៖ ស្ថានទូតចិនប្រចាំនៅហ្វីលីពីន បានប្រកាសថា រដ្ឋាភិបាលចិនមិនអត់ឱនឡើយ ចំពោះការវាយប្រហារតាមអ៉ីនធឺណេតគ្រប់ទម្រង់ ហើយនឹងមិនអនុញ្ញាតឱ្យប្រទេស ឬបុគ្គលណាមួយធ្វើសកម្មភាពខុសច្បាប់ ដោយប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរបស់ចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីហ្វីលីពីននិយាយថា មានក្រុម hacker មកពីចិនព្យាយាមលូចចូលគេហទំព័ររបស់រដ្ឋាភិបាល រួមទាំងគេហទំព័រផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី Ferdinand Marcos Jr ប៉ុន្តែបរាជ័យ។ ហ្វីលីពីន មិនបាននិយាយថាក្រុម hacker ទាំងនោះមានទំនាក់ទំនងជាមួយរដ្ឋណាមួយទេ ប៉ុន្តែបានរកឃើញថាក្រុម hacker កំពុងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនរដ្ឋចិន ឈ្មោះ Unicom។ យ៉ាងនេះក្តី ក្រុមហ៊ុន Unicom មិនទាន់មានការឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយនោះទេ។

អ្នកនាំពាក្យស្ថានទូតចិនប្រចាំហ្វីលីពីន បានបញ្ជាក់ថា «រដ្ឋាភិបាលចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងបង្ក្រាបរាល់គ្រប់ទម្រង់ នៃការវាយប្រហារតាមអ៊ីនធឺណេតស្របទៅតាមច្បាប់ ហើយមិនអនុញ្ញាតឱ្យប្រទេស ឬបុគ្គលណាមួយ ចូលរួមក្នុងការវាយប្រហារតាមអ៉ីនធឺណេត និងសកម្មភាពខុសច្បាប់ផ្សេងទៀតលើទឹកដីចិន ឬប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរបស់ចិនឡើយ»

គួរបញ្ជាក់ថា បច្ចុប្បន្ន ហ្វីលីពីនកំពុងធ្វើការលើយុទ្ធសាស្ត្រសន្តិសុខតាមអ៉ីនធឺណេត រយៈពេល ៥ឆ្នាំ ដើម្បីពង្រឹងការការពារតាមអ៉ីនធឺណេតរបស់ខ្លួន៕

រូបភាពពី Reuters