(ម៉ាឌ្រីត)៖ រដ្ឋមន្រ្តីការបរទេសអេស្ប៉ាញ លោក Jose Manuel Albares បានប្រាប់ក្រុមសមាជិកសភាកាលពីថ្ងៃចន្ទសប្តាហ៍នេះថា អេស្ប៉ាញនឹងផ្តល់ជំនួយសម្រាប់ទីភ្នាក់ងារជួយសង្រ្គោះរបស់ UN ប្រចាំដែនដីប៉ាឡេស្ទីន (UNRWA) នូវថវិកាចំនួន ៣.៥លានអឺរ៉ូ ឬស្មើនឹង ៣.៨លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ម្ចាស់ជំនួយសំខាន់ៗរបស់ UNRWA រួមទាំងសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានផ្អាកការផ្តល់មូលនិធិរបស់ខ្លួន បន្ទាប់ពីមានការចោទប្រកាន់ថា បុគ្គលិកមួយចំនួននៃទីភ្នាក់ងារនេះ ជាប់ពាក់ព័ន្ធក្នុងការវាយប្រហារថ្ងៃទី៧ ខែតុលា នៅអ៉ីស្រាអែលដោយក្រុមហាម៉ាស។ ទីក្រុងម៉ាឌ្រីត ធ្លាប់បរិច្ចាគថវិកា ១៨.៥លានអឺរ៉ូដោយផ្ទាល់ទៅឱ្យ UNRWA ក្នុងឆ្នាំ ២០២៣ រួមទាំង ១០លានអឺរ៉ូដែលត្រូវបានអនុម័តកាលពីខែធ្នូ ផ្អែកតាមការសម្រេចចិត្តដើម្បីបង្កើនជំនួយអភិវឌ្ឍ និងមនុស្សធម៌រហូតដល់ ៣ដងសម្រាប់ដែនដីប៉ាឡេស្ទីន។

គួរបញ្ជាក់ថា អគ្គស្នងការរបស់ UNRWA លោក Philippe Lazzarini បានស្នើឱ្យមានការត្រួតពិនិត្យដោយឯករាជ្យលើទីភ្នាក់ងារនេះ ក្រោយអ៉ីស្រាអែលចោទថា បុគ្គលិកចំនួន ១២នាក់ក្នុងចំណោមបុគ្គលិករបស់ខ្លួន ដែលបម្រើការនៅហ្គាហ្សា ចំនួន ១៣,០០០នាក់ ជាប់សង្ស័យចូលរួមក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស។ អតីតរដ្ឋមន្រ្តីការបរទេសបារាំង លោកស្រី Catherine Colonna នឹងត្រូវដឹកនាំការត្រួតពិនិត្យឡើងវិញនូវប្រតិបត្តិការរបស់ UNRWA៕

រូបភាពពី AFP