(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី៥ ខែកុម្ភៈ (ម៉ោងនៅវ៉ាស៊ីនតោន) បានទទួលស្គាល់ថាខ្លួនមិនបានជូនដំណឹងជាមុនដល់រដ្ឋាភិបាលអ៉ីរ៉ាក់នោះទេ ពីការវាយប្រហារសងសឹកលើចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសអ៉ីរ៉ាក់ ដែលនេះជាការកែតម្រូវលើសេចក្ដីថ្លែងការណ៍មួយរបស់សេតវិមាន ដែលថាវ៉ាស៊ីនតោនបានប្រាប់ទីក្រុងបាកដាដ ឱ្យដឹងជាមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យរងនៃក្រសួងការបរទេសអាមេរិក លោក Vedant Patel បានគូសបញ្ជាក់ដូច្នេះថា «វាមិនមានឡើយការជូនដំណឹងជាមុន តែយើងបានជូនដំណឹងដល់អ៉ីរ៉ាក់ភ្លាមៗក្រោយការវាយប្រហារតាមផ្លូវអាកាសកើតឡើង»។ លោកបន្ថែមថារដ្ឋាភិបាលអ៉ីរ៉ាក់ រួមទាំងប្រទេសទាំងអស់ក្នុងតំបន់ សុទ្ធតែបានដឹងថានឹងមានការឆ្លើយតបរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការស្លាប់របស់ទាហានអាមេរិក។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែមករាកន្លងទៅ បានវាយប្រហារតាមផ្លូវអាកាសលើកងកម្លាំងអ៉ីរ៉ង់ និងចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសអ៉ីរ៉ាក់ និងស៊ីរី ជាការសងសឹកចំពោះការវាយប្រហារដោយយន្ដហោះដ្រូនសម្លាប់ទាហានអាមេរិក ៣នាក់ ក្នុងប្រទេសហ្ស៊កដានី ដែលវ៉ាស៊ីនតោន ទម្លាក់ការទទួលខុសត្រូវលើចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ក្នុងប្រទេសអ៉ីរ៉ាក់។ ប៉ុន្តែ រដ្ឋាភិបាលអ៉ីរ៉ាក់បានថ្កោលទោសការវាយប្រហាររបស់អាមេរិកលើ ទឹកដីរបស់ខ្លួនថាបានបំពានលើបូរណភាពទឹកដីអ៉ីរ៉ាក់។

បច្ចុប្បន្ន សហរដ្ឋអាមេរិកមានកងទ័ព ២,៥០០នាក់ កំពុងឈរជើងនៅអ៉ីរ៉ាក់ និងជាង ៩០០នាក់នៅក្នុងប្រទេសស៊ីរី៕

រូបភាពពី Reuters