(បាងកក)៖ មន្ត្រីជាន់ខ្ពស់ថៃម្នាក់ បាននិយាយថាគំនិតផ្ដួចផ្ដើមផ្ដល់ជំនួយមនុស្សធម៌របស់ថៃ មានគោលដៅត្រួសត្រាយផ្លូវសម្រាប់កិច្ចចរចារវាងភាគីជម្លោះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ៣ឆ្នាំក្រោយរដ្ឋប្រហារយោធាបានធ្វើឱ្យប្រទេសជាសមាជិកអាស៊ានមួយនេះធ្លាក់ចូលក្នុងភាពចលាចល និងអំពើហិង្សា។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក Sihasak Phuangketkeow ជាអនុរដ្ឋមន្ត្រីការបរទេសថៃ បានឱ្យដឹងថាថៃបានផ្ដួចផ្ដើមគំនិតបង្កើតតំបន់សុវត្ថិភាពមនុស្សធម៌មួយ នៅក្នុងខែកុម្ភៈនេះ នៅតាមបណ្ដោយព្រំដែនរបស់ខ្លួនជាមួយមីយ៉ាន់ម៉ា ស្ថិតនៅក្បែរប៉ុស្តិ៍ព្រំដែន Mae Sot-Myawaddy ដើម្បីផ្ដល់ស្បៀងអាហារ និងថ្នាំពេទ្យ ដល់សហគមន៍ នៅតាមតំបន់នេះ រួមទាំងមនុស្សជាង ២០,០០០នាក់ដែលបានរត់ភៀសខ្លួនគេចចេញពីជម្លោះ។

លោក Sihasak បន្ថែមទៀតថាផែនការនេះក៏នឹងជួយជំរុញផងដែរដល់កិច្ចប្រឹងប្រែងរបស់អាស៊ាន ក្នុងការស្វែងរកកិច្ចចរចាសន្តិភាពមួយភាគីជម្លោះនៅក្នុង ប្រទេសមីយ៉ាន់ម៉ា ដោយផ្តោតសំខាន់លើការធ្វើយ៉ាងណាឱ្យជម្លោះស្ថិតនៅក្រោមការគ្រប់គ្រង និងបើកចំហកិច្ចសន្ទនា។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងជម្លោះចាប់តាំងពីយោធាធ្វើរដ្ឋប្រហារដណ្ដើមអំណាចកាលពីឆ្នាំ២០២១ ហើយបើតាមអង្គការសហប្រជាជាតិ ប្រជាជនមីយ៉ាន់ម៉ា យ៉ាងហោច ២.៦លាននាក់បានរត់ភៀសខ្លួនគេចចេញពីជម្លោះ និងច្រើនជាង ១៨លាននាក់ កំពុងត្រូវការជំនួយជាចាំបាច់៕

រូបភាពពី Reuters