(តេហេរ៉ង់)៖ អ៊ីរ៉ង់បាននិយាយនៅថ្ងៃចន្ទ (ទី៥ ខែកុម្ភៈ) នេះថា ខ្លួននឹងមិនស្ទាក់ស្ទើរក្នុងការឆ្លើយតប ក្នុងករណីមានការវាយប្រហាររបស់អាមេរិកលើដីរបស់ខ្លួនឡើយ បន្ទាប់ពីសេតវិមានបានបដិសេធមិននិយាយថា តើការវាយប្រហារលើអ៊ីរ៉ង់ទៅរួច ឬយ៉ាងណា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនឹងបន្តការសងសឹកប្រឆាំងនឹង ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។

នៅពេលសួរថាតើសហរដ្ឋអាមេរិកនឹងច្រានចោលលទ្ធភាព នៃការវាយប្រហារលើអ៊ីរ៉ង់ដោយផ្ទាល់ ឬអត់នោះ លោក Sullivan បានឆ្លើយថា «វាមិនមែនជារឿងឆ្លាតវៃទេសម្រាប់ខ្ញុំ ក្នុងការនិយាយអំពីអ្វីដែលយើងអាចធ្វើ និងមិនធ្វើ»។ លោកបានបន្ថែមថា «ប្រសិនបើ (អ៊ីរ៉ង់) ជ្រើសរើសឆ្លើយតបដោយផ្ទាល់ទៅនឹងសហរដ្ឋអាមេរិក វានឹងត្រូវបានឆ្លើយតបយ៉ាងរហ័ស និងរឹងម៉ឺងម៉ាត់ពីភាគីរបស់យើង»។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani បានឆ្លើយតបនៅថ្ងៃចន្ទនេះថា «សាធារណរដ្ឋអ៊ីស្លាមបានបង្ហាញថា ខ្លួនតែងតែឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការគំរាមកំហែងណាមួយ មកលើសន្តិសុខ បូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ខ្លួន»។ លោកបានសង្កត់ធ្ងន់ថា «អ៊ីរ៉ង់នឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់សមត្ថភាពដែលមាន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារណាមួយនៅលើទឹកដីរបស់ខ្លួនឡើយ»

ប៉ុន្តែ​លោក​បាន​បញ្ជាក់​ជា​ថ្មី​ថា អ៊ីរ៉ង់ «មិន​ស្វែងរក​ការ​ធ្វើ​ឲ្យ​ភាព​តានតឹង និង​វិបត្តិ​ក្នុង​តំបន់​កាន់​តែ​ខ្លាំង​ឡើង​នោះ​ទេ»។

គួរបញ្ជាក់ថា ភាពតានតឹងក្នុងតំបន់បានកើនឡើង ចាប់តាំងពីការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា ដោយទាក់ទាញក្រុមដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី យេម៉ែន និងលីបង់ ឱ្យចូលរួមក្នុងជម្លោះ។

យោធាអាមេរិកបានទម្លាក់គ្រាប់បែកលើគោលដៅនានាក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ កាលពីយប់ថ្ងៃសុក្រ និងថ្ងៃសៅរ៍ ជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃទី ២៨ ខែមករា ទៅលើមូលដ្ឋានមួយក្នុងប្រទេសហ្ស៊កដានី ដែលបានសម្លាប់ទាហានអាមេរិកបីនាក់។

ប្រធានាធិបតីអាមេរិក លោក Joe Biden បានស្តីបន្ទោស «ក្រុមសកម្មប្រយុទ្ធជ្រុលនិយម ដែលគាំទ្រដោយអ៊ីរ៉ង់» សម្រាប់ការវាយប្រហារនៅហ្ស៊កដានី ប៉ុន្តែបាននិយាយថា សហរដ្ឋអាមេរិកមិនស្វែងរកជម្លោះទូលំទូលាយនៅមជ្ឈិមបូព៌ាទេ៕