(អ៊ីស្តង់ប៊ុល)៖ រដ្ឋមន្ត្រីការបរទេសតួកគីបានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសតួកគីក្នុងពេលឆាប់ៗនេះ ដោយវានឹង​ក្លាយជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ពូទីន​ ទៅ​កាន់​ប្រទេសសមាជិកអង្គការ​ណាតូ​ ​ចាប់​តាំង​ពី​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ជា​ទ្រង់ទ្រាយ​ធំ​កាល​ពី​ពីរ​ឆ្នាំ​មុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។

រដ្ឋមន្ត្រីការបរទេស លោក Hakan Fidan បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ឯកជនមួយថា ជំនួបរបស់លោក ពូទីន ជាមួយប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នឹងផ្តោតលើវិធីថ្មីមួយ ដើម្បីអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនតាមរយៈសមុទ្រខ្មៅ។ លោក​មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ជាក់លាក់សម្រាប់​ដំណើរ​ទស្សនកិច្ច​នេះ​ទេ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តួកគី​បាន​រាយការណ៍​ថា លោក ពូទីន នឹង​មក​ដល់​នៅ​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ។

គួរបញ្ជាក់ថា តួកគីបានព្យាយាមរក្សាទំនាក់ទំនងល្អជាមួយរុស្ស៊ី និងអ៊ុយក្រែន ដែលជាប្រទេសជិតខាងរបស់ខ្លួននៅលើសមុទ្រខ្មៅ។ ខណៈពេលដែលខ្លួនបានបដិសេធ មិនចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងមូស្គូ តួកគីក៏បានគាំទ្របូរណភាពទឹកដីរបស់អ៊ុយក្រែន និងផ្តល់អាវុធដល់ទីក្រុងគៀវផងដែរ។

លោក Fidan បាននិយាយថា «កិច្ចព្រមព្រៀងស្បៀងអាហារពីមុនបានដំណើរការក្រោមយន្តការជាក់លាក់។ ឥឡូវនេះវាត្រូវបានគេមើលឃើញថា មានលទ្ធភាពនៃយន្តការផ្សេងគ្នា»។ លោកបាននិយាយបែបនេះ ដោយសំដៅទៅលើកិច្ចព្រមព្រៀងមុនដែលមានរយៈពេលមួយឆ្នាំ មុនពេលរុស្ស៊ីដកខ្លួនចេញពីវានៅក្នុងខែកក្កដា។

រដ្ឋមន្ត្រីការបរទេសតួកគីរូបនេះ ក៏បាននិយាយផងដែរថា លោក Erdogan ក៏នឹងពិភាក្សាជាមួយលោក ពូទីន ជុំវិញបញ្ហាសន្តិសុខនៅក្នុងប្រទេសស៊ីរី និងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលផងដែរ៕

រូបភាពពី AFP