(ហ្សេរុយសាឡឹម)៖ យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃពុធថា យន្តហោះចម្បាំងរបស់ខ្លួនបានទម្លាក់គ្រាប់បែកលើហេដ្ឋារចនាសម្ព័ន្ធកងទ័ពស៊ីរីពេញមួយយប់ ដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីលចេញពីប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន APF នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដូច្នេះថា «កាលពីយប់មិញ ការបាញ់មីស៊ីលជាច្រើនគ្រាប់ត្រូវបានគេកំណត់អត្តសញ្ញាណពីប្រទេសស៊ីរី ឆ្ពោះទៅកាន់ភាគខាងត្បូងនៃតំបន់ Golan Heights»។ ជាការឆ្លើយតប យន្តហោះចម្បាំងរបស់កងទ័ពអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់របបស៊ីរី នៅក្នុងតំបន់ Daraa នាពេលយប់។

ទោះជាយ៉ាងណា មិន​មាន​ព័ត៌មាន​លម្អិត​ណា​មួយ​ត្រូវ​បាន​ផ្តល់​ជូន អំពី​ការ​ស្លាប់ ​និង​របួស​ ដែល​បណ្តាល​មក​ពី​ការ​វាយ​ប្រហារ​លើ​ប្រទេស​ស៊ីរី​ភាគ​ខាង​ត្បូង​នោះ​ទេ។

អ៊ីស្រាអែលបានដណ្តើមកាន់កាប់តំបន់ Golan Heights ពីប្រទេសស៊ីរីក្នុងសង្រ្គាមអារ៉ាប់-អ៊ីស្រាអែលឆ្នាំ ១៩៦៧ ហើយក្រោយមកក៏បានបញ្ចូលវាជារបស់ខ្លួន ដែលមិនដែលត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។

កងទ័ពអ៊ីស្រាអែល កម្រធ្វើអត្ថាធិប្បាយលើការវាយប្រហារជាលក្ខណៈបុគ្គលក្នុងប្រទេសស៊ីរីណាស់ ប៉ុន្តែបាននិយាយម្តងហើយម្តងទៀតថា ខ្លួននឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ ដែលគាំទ្ររដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ពង្រីកវត្តមានរបស់ខ្លួនឡើយ។

ក្នុងអំឡុងពេលជាងមួយទសវត្សរ៍នៃសង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរី អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសរាប់រយដង ដោយផ្តោតជាចម្បងទៅលើកងកម្លាំងដែលគាំទ្រដោយអ៊ីរ៉ង់ ក៏ដូចជាទីតាំងរបស់កងទ័ពស៊ីរី។ ការ​វាយ​ប្រហារ​បែប​នេះ​កាន់​តែ​ខ្លាំង ​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន​នៅ​ថ្ងៃ​ទី ៧ ខែ​តុលា។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា ការវាយឆ្មក់របស់អ៊ីស្រាអែលនៅក្នុងប្រទេសស៊ីរីបានសម្លាប់មនុស្សប្រាំបីនាក់កាលពីថ្ងៃចន្ទ រួមទាំងសកម្មប្រយុទ្ធដែលស្មោះត្រង់នឹងអ៊ីរ៉ង់ផងដែរ។ អំពើហឹង្សាក៏បានផ្ទុះឡើងនៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ ជាមួយនឹងការបាញ់ប្រហារស្ទើរតែរាល់ថ្ងៃរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់ពួកហាម៉ាសដែលគាំទ្រដោយអ៊ីរ៉ង់៕

រូបភាពពី AFP