(អូស្លូ)៖ ប្រទេសន័រវេស ដែលជាម្ចាស់ជំនួយដ៏ធំបំផុតដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ស្នើសុំឱ្យប្រទេសដែលកាត់បន្ថយការផ្តល់មូលនិធិដល់ទីភ្នាក់ងារនេះ ដើម្បីពិចារណាពីផលវិបាកនៃសកម្មភាពរបស់ពួកគេលើប្រជាជននៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។

ក្រុមប្រទេស Nordic កាលពីថ្ងៃអាទិត្យបាននិយាយថា ខ្លួននឹងរក្សាការផ្តល់មូលនិធិរបស់ខ្លួនដល់ទីភ្នាក់ងារ UNRWA បន្ទាប់ពីមានការចោទប្រកាន់ថាបុគ្គលិកទីភ្នាក់ងារមួយចំនួនបានចូលរួម ក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ផ្ទុយទៅនឹងប្រទេសមួយចំនួនទៀតដែលបានផ្អាក។

រដ្ឋមន្ត្រីការបរទេសន័រវេស លោក Espen Barth Eide បាននិយាយថា «យើងកំពុងពិភាក្សាអំពីបញ្ហាផ្តល់មូលនិធិជាមួយម្ចាស់ជំនួយផ្សេងទៀត ហើយនឹងបន្តធ្វើដូច្នេះក្នុងរយៈពេលប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខនេះ» ដោយបន្ថែមថា ទីក្រុង Oslo ប្រកាន់ខ្ជាប់នូវ «ការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួន ចំពោះទីភ្នាក់ងារ និងប្រជាជនប៉ាឡេស្ទីន»។

រដ្ឋមន្ត្រីការបរទេសរូបនេះ បានសង្កត់ធ្ងន់ថា «ទីភ្នាក់ងារ UNRWA គឺជាខ្សែជីវិតដ៏សំខាន់សម្រាប់ជនភៀសខ្លួនជាង ១.៥ លាននាក់នៅក្នុងតំបន់ហ្គាហ្សា។ ហើយឥឡូវនេះច្រើនជាងពេលណាទាំងអស់ ទីភ្នាក់ងារនេះត្រូវការការគាំទ្រពីអន្តរជាតិ។ យើងត្រូវបែងចែករវាងអ្វីដែលបុគ្គលអាចប្រព្រឹត្តិ និងអ្វីដែលតំណាងឱ្យទីភ្នាក់ងារមួយនេះ ដើម្បីជៀសវាងការដាក់ទណ្ឌកម្មរួមលើមនុស្សរាប់លាននាក់ដែលគ្នាមិនដឹងអ្វីសោះ»