(ឡាអេ)៖ តុលាការកំពូលរបស់អង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្តាហ៍នេះគ្រោងនឹងកាត់ក្តី លើពាក្យបន្តឹងដែលអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ី ពីបទផ្តល់ហិរញ្ញប្បទានដល់ក្រុមឧទ្ទាមបំបែកខ្លួន នៅភាគខាងកើតរបស់ប្រទេសកាលពីមួយទសវត្សរ៍មុន និងការរើសអើងប្រឆាំងនឹងសហគមន៍ពហុជាតិសាសន៍នៅតំបន់គ្រីមៀ ចាប់តាំងពីបានបញ្ចូលវាទៅជារបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២៤។

ករណី​នេះ​ត្រូវ​បាន​ដាក់​ក្នុង​ឆ្នាំ ២០១៧ ដោយបានចោទ​រុស្ស៊ី​ថា ​បាន​បំពាន​លើ​អនុសញ្ញា​ប្រឆាំង​ការ​រើសអើង និង​ការ​ផ្តល់​ហិរញ្ញប្បទាន​ភេរវកម្ម។

អ៊ុយក្រែនចង់ឱ្យតុលាការកំពូលរបស់អង្គការសហប្រជាជាតិ បញ្ជាឱ្យទីក្រុងម៉ូស្គូបង់ប្រាក់សំណងសម្រាប់ការវាយប្រហារ និងឧក្រិដ្ឋកម្មនៅភាគខាងកើតនៃប្រទេស រួមទាំងការបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ីអ៊ែរឡាញ MH17 ផងដែរ។ MH17 ត្រូវបានគេអះអាងថា ត្រូវបានបាញ់ទម្លាក់ដោយពួកឧទ្ទាមគាំទ្រ ដោយរុស្ស៊ី កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៤ ដែលបានសម្លាប់អ្នកដំណើរ និងនាវិកទាំងអស់ ២៩៨ នាក់។

នៅក្នុងសវនាការកាលពីឆ្នាំមុន មេធាវីរបស់អ៊ុយក្រែន លោក David Zionets បាននិយាយថា កងកម្លាំងគាំទ្ររុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន «បានវាយប្រហារជនស៊ីវិល ជាផ្នែកនៃយុទ្ធនាការបំភិតបំភ័យ និងភេរវកម្ម»

ក្នុង​ចំណោម​ការ​វាយ​ប្រហារ​នោះ ​គឺ​ការ​បាញ់​ទម្លាក់​យន្តហោះ MH17 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី។ កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ តុលាការក្នុងស្រុករបស់ប្រទេសហូឡង់ បានកាត់ទោសជនជាតិរុស្ស៊ីពីរនាក់ និងជនជាតិអ៊ុយក្រែនម្នាក់ដែលគាំទ្រទីក្រុងម៉ូស្គូ សម្រាប់តួនាទីរបស់ពួកគេក្នុងការវាយប្រហារ ហើយបានកាត់ទោសពួកគេកំបាំងមុខឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ ប្រទេសហូឡង់ និងអ៊ុយក្រែនក៏បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងទីក្រុងម៉ូស្គូនៅក្នុងតុលាការសិទ្ធិមនុស្សអឺរ៉ុប ជុំវិញយន្តហោះ MH17 ផងដែរ៕

រូបភាពពី Reuters