(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៉ីរ៉ង់ បានរាយការណ៍នៅថ្ងៃពុធនេះថា បេសកជនប្រចាំអង្គកាសហប្រជាជាតិ (UN) លោក Amir Saeid Iravani បានព្រមានថា ទីក្រុងតេហេរ៉ង់នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការវាយប្រហារគ្រប់ទម្រង់មកលើទឹកដី ផលប្រយោជន៍ ឬពលរដ្ឋអ៉ីរ៉ង់នៅខាងក្រៅទឹកដីរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។

ការអត្ថាធិប្បាយរបស់ លោក Amir Saeid Iravani ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រកាសថា លោកបានគិតឃើញហើយពីរបៀបឆ្លើយតប ទៅនឹងការវាយប្រហារដោយយន្តហោះដ្រូន ពីសំណាក់ក្រុមគាំទ្រដោយអ៉ីរ៉ង់ សម្លាប់ទាហានអាមេរិក ៣នាក់នៅលើទឹកដីហ្ស៊កដានី តែមិនបានបញ្ជាក់លម្អិតអំពីរបៀបនៃការឆ្លើយតបនោះទេ។

គួរបញ្ជាក់ថា ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ជាច្រើននាក់ត្រូវបានសម្លាប់ បន្ទាប់ពីមានការវាយប្រហាររបស់អ៉ីស្រាអែលនៅស៉ីរី ដែលត្រូវបានអះអាងថា កំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធ៕

រូបភាពពី Reuters