(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានព្រមាននៅថ្ងៃពុធនេះថា កូរ៉េខាងជើងអាចបង្កហេតុ ដូចជាធ្វើសកម្មភាពប្រដាប់អាវុធនៅក្បែរព្រំដែនរួម បាញ់យន្តហោះដ្រូន ការវាយប្រហារតាមអ៉ីនធឺណិត ឬផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងជ្រៀតជ្រែកការបោះឆ្នោតសភាកូរ៉េខាងត្បូង នៅខែមេសា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។

សភាកូរ៉េខាងត្បូងនឹងបោះឆ្នោតជ្រើសរើសសមាជិកថ្មី នៅថ្ងៃទី១០ ខែមេសា ដោយមានអាសនៈចំនួន ៣០០។ ក្នុងពេលកោះប្រជុំប្រចាំឆ្នាំ នៃក្រុមប្រឹក្សាការពារជាតិ ដែលមានការចូលពីយោធាគ្រប់អង្គភាព មន្រ្តីរដ្ឋាភិបាល និងស្ថាប័នការពារស៉ីវិល លោក Yoon បាននិយាយថាកូរ៉េខាងជើង អាចបង្កើនសកម្មភាពបង្កហេតុ ដើម្បីជ្រៀតជ្រៀកការបោះឆ្នោតនាពេលខាងមុខ ហើយស្នើដល់ល់ភាគីទាំងអស់ពង្រឹងកិច្ចការពារជាតិ។

លោក Yoon បានបន្ថែមថា ការវាយប្រហារតាមអ៉ីនធឺណិត អាចធ្វើឲ្យខូចមុខមាត់របស់ប្រទេសជាតិ និងជីវិតរស់នៅប្រចាំថ្ងៃ របស់ប្រជាជនបានភ្លាមៗ។ រីឯព័ត៌មានក្លែងក្លាយ និងការឃោសនាមិនពិត ក៏អាចបង្កឲ្យមានភាពចលាចល នៅក្នុងសង្គមផងដែរ។ កិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិនៅឆ្នាំនេះ ត្រូវបានរៀបចំឡើងជាពិសេស ដើម្បីពិនិត្យលើវិធីសាស្រ្តជាក់ស្តែង សម្រាប់ឆ្លើយតបក្រោមសេណារីយ៉ូផ្សេងៗ ចំពោះការបង្កហេតុរបស់កូរ៉េខាងជើង រួមទាំងការវាយប្រហារដោយកាំភ្លើងធំរយៈចម្ងាយឆ្ងាយ។

គួរបញ្ជាក់ថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កូរ៉េខាងជើងបានងបង្កើនការធ្វើតេស្ត និងកំញើញពាក្យសំដីប្រឆាំងនឹងកូរ៉េខាងត្បូង ក៏ដូចជាសហរដ្ឋអាមេរិក ខណៈដែលបានលុបចោលនូវគោលដៅរយៈពេលជាច្រើនទសវត្សរ៍របស់ខ្លួន អំពីការបង្រួបបង្រួមគ្នាដោយសន្តិវិធី ជាមួយនិងការកំណត់ឡើងវិញដោយចាត់ទុកកូរ៉េខាងត្បូងជាសត្រូវ៕

រូបភាពពី Reuters