(ប៉េកាំង)៖ នាថ្ងៃពុធនេះ ចិនបានប្រហារជីវិតគូស្នេហ៍មួយគូ សម្រាប់អំពើឃាតកម្មដោយគ្រវែងកូនក្មេង២នាក់ ចេញតាមបង្អួចអគារស្នាក់នៅ ខណៈករណីយ៉ាងព្រៃផ្សៃនេះ បានបង្កឱ្យសាធារណជនចិន នៅទូទាំងប្រទេសមានការខឹងសម្បារជាខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។

បុរសឈ្មោះ Zhang Bo និងនារីឈ្មោះ Ye Chengchen កន្លងមក ត្រូវបានរកឃើញថាមានកំហុស សម្រាប់ហេតុការណ៍ក្មេងស្រីអាយុ​២ឆ្នាំ និងក្មេងប្រុសអាយុ១ឆ្នាំ ធ្លាក់ស្លាប់ពីលើអគារស្នាក់នៅមួយកន្លែង កម្ពស់១៥ជាន់ ក្នុងទីក្រុង Chongqing ភាគនិរតីប្រទេសចិន។ បុរសឈ្មោះ Zhang Bo ដែលជាឪពុកបង្កើតរបស់ក្មេងតូចទាំង២ បានចាប់ផ្តើមទំនាក់ទំនងស្នេហាជាមួយនាង Ye Chengchen ដោយដំបូងឡើយនារីរូបនោះ មិនបានដឹងថាខ្លួនរៀបការរួច និងមានកូននោះឡើយ។

ក្រោយមក នាង Ye Chengchen បានបញ្ចុះបញ្ចូលឱ្យឈ្មោះ Zhang Bo សម្លាប់កូនទាំង២នាក់ចោល ព្រោះនាងចាត់ទុកពួកគេ ជា​ឧបសគ្គចំពោះការរៀបការរបស់អ្នកទាំងពីរ និងជាបន្ទុកលំបាកសម្រាប់ជីវិតរស់នៅជាមួយគ្នា នាពេលអនាគត។ នៅខែវិច្ឆិកា ឆ្នាំ២០២០ ឪពុកចិត្តខ្មៅក៏បានយកកូនៗរបស់ខ្លួន គ្រវែងចោលតាមបង្អួចអគារខាងលើ ពេលម្តាយពួកគេមិននៅ។ Zhang និងប្រពន្ធបានព្រមព្រៀងលែងលះគ្នា។

គួរបញ្ជាក់ថា ជន Zhang Bo និងនាង Ye Chengchen ត្រូវបានតុលាការនៅប្រទេសចិន ផ្តន្ទាទោសប្រហារជីវិត កាលពីខែធ្នូ ឆ្នាំ២០២១ ពីបទសមគំនិតគ្នាសម្លាប់កូនស្រី និងកូនប្រុសរបស់ជននោះ តាមរយៈការក្លែងធ្វើជាហេតុការណ៍ធ្លាក់ដោយចៃដន្យ ពីជាន់ទី១៥នៃអគារអាផាតមិនរបស់ Zhang។ បើតាមសេចក្តីប្រកាសរបស់តុលាការ ពួកគេទាំងពីរត្រូវបានប្រហារជីវិតនៅថ្ងៃពុធនេះ។ ក្នុងថ្ងៃដដែលនេះ ចិនក៏បានប្រហារជីវិតឈ្មោះ Wu Xieyu ដែលមានទោសពីបទយកដុំដែកសម្រាប់លើកទម្ងន់ ទៅវាយលើម្តាយរបស់ខ្លួន កាលពីឆ្នាំ២០១៥ ផងដែរ៕

រូបភាពពី Xinhua