(វែលីងតោន)៖ រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ លោក Winston Peters បាននិយាយថា ទីក្រុងវ៉ាស៉ីនតោន ត្រូវខិតខំធ្វើការឱ្យខ្លាំង​ក្លាបន្ថែម នៅតំបន់ប៉ាស៉ីហ្វិក ដើម្បីអាចទប់ទល់ ការពង្រីកឥទ្ធិពលនយោបាយរបស់មហាអំណាចដទៃទៀត នៅតំបន់នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​Reuters នាថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។

លោក Peters បានលើកឡើងថា សហរដ្ឋអាមេរិកបានពង្រើយកន្តើយចំពោះតំបន់ប៉ាស៉ីហ្វិក ចាប់តាំងពីសម័យសង្រ្គាមលោកលើកទី២ ហើយប្រការនេះបានបន្សល់ទុក ចន្លោះទំនេរ ដែលមហាអំណាចដទៃទៀតបានចូលមកបំពេញ។ លោក Peters បានលើកឡើងដូច្នេះថា «ប្រាកដណាស់ កន្លងមកនេះ ពួកគេបានបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួន ប៉ុន្តែពួកគេត្រូវធ្វើការឱ្យសកម្មភាពខ្លាំងក្លាថែមទៀត លើបញ្ហាបន្ទាន់ៗក្នុងកម្រិតយ៉ាងជិតស្និទ្ធ ​ជាមួយបណ្តាប្រទេសដែនកោះប៉ាស៉ីហ្វិកជាច្រើន»។ លោករដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ ពុំបានលើកឈ្មោះ​ប្រទេសចិនចំៗឡើយ ប៉ុន្តែគេដឹងថាការប្រកួតប្រជែងឥទ្ធិពល រវាងទីក្រុងវ៉ាស៉ីនតោននិងទីក្រុងប៉េកាំង នៅប៉ាស៉ីហ្វិក បាននិងកំពុងកើនឡើង ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជុំវិញបញ្ហាដូចជាសន្តិសុខ ការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធ។

គួរបញ្ជាក់ថា លោក Peters ដែលធ្លាប់កាន់តំណែងជាប្រមុខការទូតនូវែលសេឡង់ ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ និងម្តងទៀតកាលពី​ឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ បានវិលត្រឡប់មកកាន់តួនាទីនេះសាជាថ្មី នៅចុងឆ្នាំ២០២៣ នៅពេលរដ្ឋាភិបាលចម្រុះថ្មី ត្រូវបានបោះឆ្នោត​ជ្រើសរើស។ កាលពីឆ្នាំ២០១៧ លោក Peters បានចាប់ផ្តើមកម្មវិធីដែលផ្តោតលើការបង្កើនជំនួយ និងជំរុញការធ្វើប្រាស្រ័យទាក់ទង​ នៅក្នុងតំបន់ ដើម្បីព្យាយាមទាក់ទាញប្រទេសដែនកោះប៉ាស៉ីហ្វិកតូចៗ ចំពេលដែលចិនកំពុងពង្រីកវត្តមានយ៉ាងខ្លាំង ក្នុងតំបន់។ ក្រោយឡើងជារដ្ឋមន្រ្តីការបរទេសសាជាថ្មី លោក Peters ក៏​បានរិះគន់រដ្ឋាភិបាលមុន ដែលប្រកាន់ជំហរមិនបញ្ចេញទស្សនៈរឹងមាំ លើបញ្ហានយោបាយផងដែរ៕

រូបភាពពី Reuters