(ព្យុងយ៉ាង)៖ នៅថ្ងៃពុធនេះ កូរ៉េខាងជើងបានប្រកាសថា ខ្លួនទើបតែទទួលជោគជ័យក្នុងការបាញ់តេស្ត មីស៉ីលគ្រូសយុទ្ធសាស្រ្តមួយ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មីស៉ីលគ្រូសខាងលើ ដែលមានឈ្មោះ Hwasal-2 ត្រូវបានបាញ់សំដៅ​ទៅសមុទ្រខាងលិច កាលពីថ្ងៃអង្គារ។ យោធាកូរ៉េខាងត្បូង ចាប់បានសញ្ញានៃការធ្វើតេស្តមីស៉ីលគ្រូសកូរ៉េខាងជើងដំបូង កាលពីម្សិលមិញ ហើយបាននិយាយថា កូរ៉េខាងជើងបានបាញ់តេស្តមីស៉ីលនោះ លើសពី១គ្រាប់។

ក្នុងខែមករា ដើមឆ្នាំថ្មីនេះ ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តសព្វាវុធផ្សេងៗជាបន្តបន្ទាប់ រួមមានដូចជា ប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹក មីស៉ីលបាលិស្ទីគល្បឿនលឿនជាងសំឡេង ដែលប្រើប្រាស់បច្ចេកវិទ្យាឥន្ធនៈរឹង ហើយនិងមីស៉ីលគ្រូសយុទ្ធសាស្រ្តជំនាន់ថ្មី។ មីស៉ីល Hwasal-2 គឺធ្លាប់ត្រូវបានកូរ៉េខាងជើងបាញ់តេស្តពីមុនមក។ ខុសពីមីស៉ីលបាលិស្ទីគ ការធ្វើតេស្តមីស៉ីលគ្រូស មិនស្ថិតនៅក្រោម​ការហាមឃាត់នៃទណ្ឌកម្មបច្ចុប្បន្នរបស់ UN លើទីក្រុងព្យុងយ៉ាងឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន កូរ៉េខាងជើងបានបាញ់តេស្តមីស៉ីល Pulhwasal-3-31 ចំនួន២គ្រាប់ ចេញពីនាវាមុជទឹក ក្រោមការត្រួតពិនិត្យដោយផ្ទាល់ ពីសំណាក់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន។ មីស៉ីលនោះ គឺជាមីស៉ីលគ្រូសយុទ្ធសាស្រ្តប្រភេទថ្មីរបស់​កូរ៉េខាងជើង៕

រូបភាពពី AFP