(គូឡាឡាំពួ)៖ នៅថ្ងៃពុធនេះ ព្រះចៅស៊ូលតង់ Ibrahim មកពីរដ្ឋ Johor បានស្បថចូលកាន់តំណែងជាផ្លូវការ ជាព្រះមហាក្សត្រថ្មីរបស់​ប្រទេសម៉ាឡេស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។

ពិធីស្បថចូលកាន់តំណែងខាងលើ ត្រូវបានប្រារព្ធឡើងនៅឯព្រះរាជវាំងជាតិម៉ាឡេស៉ី ក្នុងទីក្រុងគូឡាឡាំពួ។ នៅក្រោមប្រព័ន្ធរាជានិយម ​ដែលមានលក្ខណៈពិសេសមួយ គឺព្រះចៅស៊ូលតង់ប្រចាំរដ្ឋចំនួន៩ នៃប្រទេសម៉ាឡេស៉ី ត្រូវឆ្លាស់វេនឡើងកាន់តំណែងជាព្រះមហាក្សត្រ ដែលត្រូវគេហៅថា Yang di-Pertuan Agong រៀងរាល់រយៈពេល៥ឆ្នាំម្តង។ ព្រះចៅស៊ូលតង់ Ibrahim ដែលមានព្រះជន្ម៦៥ព្រះវស្សា ត្រូវក្លាយជាព្រះមហាក្សត្រថ្មី បន្តពីព្រះចៅស៊ូលតង់ Al-Sultan Abdullah ដែលនឹងវិលត្រឡប់ទៅដឹកនាំរដ្ឋ Pahang របស់ទ្រង់វិញ ក្រោយកាន់តួនាទីជាព្រះមហាក្សត្រ អស់រយៈពេល៥ឆ្នាំ តាំងពីឆ្នាំ២០១៩មក។

គួរបញ្ជាក់ថា នៅម៉ាឡេស៉ី ព្រះមហាក្សត្រមិនកាន់អំណាចនោះទេ ប៉ុន្តែឥទ្ធិពលរបស់ទ្រង់ត្រូវគេមើលឃើញថា បានកើនឡើងក្នុងពេល​ប៉ុន្មានឆ្នាំកន្លងមកនេះ។ ប៉ុន្មានឆ្នាំចុងក្រោយ ព្រះមហាក្សត្រម៉ាឡេស៉ី បានប្រើប្រាស់អំណាចដែលកម្រនឹងប្រើ ដើម្បីជួយដោះស្រាយ​វិបត្តិអស្ថិរភាពនយោបាយ នៅក្នុងប្រទេស៕

រូបភាពពី Reuters