(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឲ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា លោកគិតឃើញហើយអំពីរបៀបឆ្លើយតប ទៅនឹងការវាយប្រហារដោយយន្តហោះដ្រូន ដែលបានសម្លាប់ទាហានអាមេរិក ៣នាក់នៅលើទឹកដីហ្ស៊កដានី ខណៈកំពុងថ្លឹងថ្លែងប្រើទណ្ឌកម្មដាក់លើក្រុមគាំទ្រដោយអ៉ីរ៉ង់ ដែលមិនបង្កឲ្យសង្រ្គាមរាលដាល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។

លោក បៃដិន បានប្រាប់ក្រុមអ្នកសារព័ត៌មានបែបនេះ ក្នុងពេលចាកចេញទៅធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅឯរដ្ឋ Florida ដោយមិនបញ្ជាក់ថាអ្វីទៅជាការសម្រេចចិត្តរបស់លោកនោះទេ ក្រោយពិគ្រោះយោបល់ជាមួយទីប្រឹក្សាកំពូលៗ នៅសេតវិមាន។ ប៉ុន្តែ លោក John Kirby អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកអាចធ្វើការឆ្លើយតប ច្រើនជាងមួយលើក។ លោក John Kirby បានគូសបញ្ជាក់ថា «វាស្មើភាពគ្នាហើយដែលយើងនឹងឆ្លើយតបក្នុងទម្រង់សមស្របមួយ ហើយវាអាចទៅរួចថាអ្វីដែលយើងនឹងឃើញ នោះគឺជាការប្រើវិធីសាស្រ្តតាមលំដាប់ ដោយមិនគ្រាន់តែជាសកម្មភាពមួយប៉ុណ្ណោះទេ ប៉ុន្តែជាសកម្មភាពដ៏ខ្លាំងក្លាជាច្រើន»

គួរបញ្ជាក់ថា ការវាយប្រហារដែលអាមេរិកថា ធ្វើឡើងដោយក្រុមគាំទ្រដោយអ៉ីរ៉ង់ និងបានសម្លាប់ទាហាន ៣នាក់ របួស ៣៤នាក់ នៅឯភាគឦសានប្រទេសហ្ស៊កដានី ក្បែរព្រំដែនស៉ីរី កាលពីពេលថ្មីៗនេះ បានធ្វើឲ្យលោក បៃដិន ត្រូវស្ថិតក្រោមសម្ពាធ ជុំវិញចំណាត់ការឆ្លើយតបរបស់ខ្លួន និងការការពារកុំឲ្យសង្រ្គាមកាន់រាលដាល៕

រូបភាពពី Reuters