(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ទីភ្នាក់ងារផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ចាំបាច់ត្រូវធ្វើ «ការផ្លាស់ប្តូរជាមូលដ្ឋាន» មុនពេលទីក្រុងវ៉ាស៊ីនតោន អាចបន្តការផ្តល់មូលនិធិដែលត្រូវបានផ្អាក បន្ទាប់ពីមានការចោទប្រកាន់លើបុគ្គលិកមួយចំនួននៃទីភ្នាក់ងារនេះ ថាជាប់ពាក់ព័ន្ធនឹងការវាយប្រហារថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី Linda Thomas-Greenfield បានស្វាគមន៍ការស៉ើបអង្កេតចំពោះការចោទប្រកាន់លើបុគ្គលិក របស់ទីភ្នាក់ងារផ្តល់ជំនួយ UN ប្រចាំដែនដីប៉ាឡេស្ទីន (UNRWA) និងការពិនិត្យឡើងវិញលើផែនការរបស់ទីភ្នាក់ងារនេះ។ សហរដ្ឋអាមេរិក ក៏កំពុងស្វែងរកព័ត៌មានលម្អិតបន្ថែមពីអ៉ីស្រាអែល ជុំវិញការចោទប្រកាន់នេះផងដែរ។

លោកស្រី Thomas-Greenfield បានពិពណ៌នាលើ «ការផ្លាស់ប្តូរជាមូលដ្ឋាន» នោះថាយើងត្រូវពិនិត្យមើលដំណើការប្រតិបត្តិនៅហ្គាហ្សា អំពីរបៀបដែលពួកគេគ្រប់គ្រងបុគ្គលិក និងធានាថាមនុស្សដែលបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម ត្រូវតែទទួលខុសត្រូវភ្លាមៗ ដូច្នេះ UNRWA អាចបន្តការងារសំខាន់ៗរបស់ខ្លួនបានទៀត។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ UNRWA បានផ្អាកការផ្តល់មូលនិធិរបស់ខ្លួនជាបណ្តោះអាសន្ន រួមជាមួយនិងប្រទេសមួយចំនួនទៀត។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ក្នុងមួយឆ្នាំ ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ថវិកាពី ៣០០លានដុល្លារ ទៅ ៤០០លានដុល្លារសម្រាប់ទីភ្នាក់ងារនេះ៕

រូបភាពពី AFP