(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រុមហាម៉ាសបានអះអាងពីការទទួលបាន និងកំពុងសិក្សាទៅលើសំណើថ្មីមួយ សម្រាប់បទឈប់បាញ់ ក៏ដូចជាការដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា ពីសំណាក់ក្រុមអ្នកសម្រុះសម្រួល ប៉ុន្តែជាថ្មីម្តងទៀត លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin etanyahu នៅតែប្តេជ្ញាមិនដកកងទ័ពចេញពីហ្គាហ្សាឡើយ រហូតដល់ទទួលបានជ័យជម្នះទាំងស្រុង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។

សំណើបទឈប់បាញ់មួយត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចពិភាក្សាក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានការចូលរួមពីប្រធានចារកម្មមកពីអ៉ីស្រាអែល សហរដ្ឋអាមេរិក និងអេហ្ស៉ីប ជាមួយនាយករដ្ឋមន្ត្រីកាតា។ មន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រុមហាម៉ាស បានប្រាប់ Reuters ដោយមិនបញ្ចេញឈ្មោះថា សំណើនេះពាក់ព័ន្ធនឹងបទឈប់បាញ់ ៣ដំណាក់កាល អំឡុងពេលដែលហាម៉ាសដោះលែងជនស៉ីវិលនៅសល់ ក្នុងចំណោមចំណាប់ខ្មាំងដែលខ្លួនចាប់បានកាលពីថ្ងៃទី៧ ខែតុលា បន្ទាប់មកដោះលែងទាហាន និងចុងក្រោយប្រគល់សាកសពចំណាប់ខ្មាំងដែលត្រូវបានសម្លាប់។ មេដឹកនាំរបស់ក្រុមហាម៉ាស់ លោក Ismail Haniyeh បាននិយាយថានឹងទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៉ីប ដើម្បីពិភាក្សាពីសំណើនេះ។ ចំណែក អ៉ីស្រាអែលនិយាយថា ខ្លួននឹងមិនបញ្ឈប់ការប្រយុទ្ធគ្នាឡើយ រហូតទាល់តែក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្គាហ្សា តាំងពីឆ្នាំ ២០០៧មកនោះ ត្រូវបានលុបបំបាត់ទាំងស្រុង។

គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Netanyahu កំពុងស្ថិតក្រោមសម្ពាធពីសម្ព័ន្ធមិត្តអាមេរិក ដើម្បីរៀបចំផ្លូវឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាម ហើយនៅក្នុងស្រុកវិញ សាច់ញាតិរបស់ចំណាប់ខ្មាំងថា ការចរចាគឺជាមធ្យោបាយតែមួយគត់ ដើម្បីនាំពួកគេត្រឡប់មកផ្ទះវិញ។ ប៉ុន្តែក្រុមស្តាំនិយមនៃគណបក្សកាន់អំណាចរបស់លោក បាននិយាយថា ពួកគេជ្រើសរើសយកការលាលែងពីតំណែងជាជាងគាំទ្រកិច្ចព្រមព្រៀងមួយ ដើម្បីដោះលែងចំណាប់ខ្មាំងដែលត្រូវទុកឲ្យក្រុមហាម៉ាសនៅដដែល៕

រូបភាពពី Reuters