(អូតាវ៉ា)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ កាណាដាបានប្រកាសថា ខ្លួននឹងលែងហាមឃាត់តទៀតហើយ លើការនាំចេញសម្ភារយោធាមួយចំនួន ទៅកាន់ប្រទេសតួកគី ខណៈការសម្រេចបែបនេះកើតមានឡើង នៅរយៈពេលប្រមាណមួយសប្តាហ៍ បន្ទាប់ពីទីក្រុងអង់ការ៉ាទីបំផុតបាន​ផ្តល់សច្ចាប័ន ចំពោះសមាជិកភាពអង្គការណាតូ (NATO) របស់ស៊ុយអែត ក្រោយអូសបន្លាយពេលអស់ជាច្រើនខែ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤។

ក្នុងសេចក្តីប្រកាសជូនដំណឹងទៅកាន់ក្រុមហ៊ុននាំចេញ រដ្ឋាភិបាលកាណាដា បាននិយាយថា ការផ្តល់សិទ្ធិអនុញ្ញាតនាំចេញបរិក្ខារយោធា និងប្រភេទសព្វាវុធមួយចំនួន ដែលមានគោលដៅឆ្ពោះទៅកាន់ប្រទេសតួកគី ចាប់ពីពេលនេះតទៅនឹងត្រូវពិនិត្យមើល ក្រោមគោលការណ៍មួយៗដាច់ដោយឡែក តាមស្ថានភាពជាក់ស្តែង ពោលគឺគោលការណ៍បដិសេធជារួមលើការនាំចេញសម្ភារទាំងនោះ នឹងលែងត្រូវអនុវត្ត​ទៀតហើយ។

កាណាដាបានដាក់បម្រាមជាផ្លូវការ លើការនាំចេញសម្ភារយោធាទៅកាន់តួកគី កាលពីខែមេសា ឆ្នាំ២០២១ បន្ទាប់ពីការស៉ើបអង្កេតមួយ បានរកឃើញថា បច្ចេកវិទ្យាយន្តហោះដ្រូនកាណាដា ដែលនាំចេញទៅកាន់តួកគី ត្រូវបានប្រើប្រាស់ដោយអាស៊ែបៃហ្សង់ ក្នុងជម្លោះជាមួយ​អាមេនី។ បម្រាមនោះបានប៉ះពាល់លើ ការនាំចេញសម្ភារយោធានិងបច្ចេកវិទ្យាចម្រុះជាច្រើនមុខ។ ឥឡូវនេះ កាណាដានឹងតម្រូវឱ្យក្រុមហ៊ុននាំចូល​របស់តួកគី ផ្តល់ការធានាអំពីគោលដៅប្រើប្រាស់បរិក្ខារទាំងនោះ រួមជាមួយសេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាលតួកគី ដែលបញ្ជាក់ឱ្យច្បាស់ថា តើសម្ភារនិងបច្ចេកវិទ្យាយោធាដែលនាំចូលទៅពីកាណាដា នឹងត្រូវនាំចេញឬផ្ទេរបន្តទៅកាន់ប្រទេសដទៃ​ ដែលមិនមែនជាសមាជិក NATO ដែរឬក៏អត់។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន សភាតួកគីបានផ្តល់សច្ចាប័នចំពោះសមាជិកភាព NATO របស់ស៊ុយក្រែន ក្រោយការជំទាស់ដំបូង ដែលបានអូសបន្លាយអស់រយៈពេល ជាង១ឆ្នាំ។ ក្រោយការផ្តល់សច្ចាប័ននោះ រដ្ឋាភិបាលអាមេរិកក៏បានអនុម័តយល់ព្រមភ្លាមៗ ចំពោះ​ការលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃសរុប២៣ពាន់លានដុល្លារ ឱ្យទៅតួកគីផងដែរ៕

រូបភាពពី Reuters