(វ៉ាស៊ីនតោន)៖ ការទន្ទឹងរង់ចាំចំណាត់ការរបស់សហរដ្ឋអាមេរិកដើម្បីសងសឹក ចំពោះការវាយប្រហារដោយដ្រូនរបស់សត្រូវដែលបណ្តាលឱ្យទាហានអាមេរិកបីនាក់ស្លាប់ និង៣៤នាក់រងរបួស នាព្រំដែនស៊ីរី និងហ្សកដង់ នៅមិនទាន់បានឃើញនៅឡើយទេ ក្រោយរយៈពេល៤៨ម៉ោងបានកន្លងផុត។ ប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងថាគេ នឹងធ្វើការវាយប្រហារសងសឹកទៅវិញ។ តើការវាយប្រហារសងសឹកនឹងត្រូវធ្វើដោយរបៀបណា?

៤៨ម៉ោងកន្លងផុតទៅហើយ ការទន្ទឹងរង់ចាំចំណាត់ការរបស់សហរដ្ឋអាមេរិកដើម្បីសងសឹក ចំពោះការវាយប្រហារដោយដ្រូនរបស់សត្រូវដែលបណ្តាលឱ្យទាហានអាមេរិក បីនាក់ស្លាប់ និង៣៤នាក់រងរបួសនាព្រំដែនស៊ីរី និងហ្សកដង់ នៅមិនទាន់បានឃើញនៅឡើយទេ។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិនបានថ្លែងថា «យើងនឹងធ្វើ ការឆ្លើយតបទៅវិញ» ប៉ុន្តែតើការឆ្លើយតបនោះ នឹងត្រូវធ្វើដាក់ដោយផ្ទាល់ទៅលើក្រុមណា ឬប្រទេសណាដែលត្រូវទទួលខុសត្រូវ គឺកំពុងស្ថិតក្រោមក្រសែភ្នែក តាមដាន របស់ពិភពលោកខណៈដែលសហរដ្ឋអាមេរិកបានចោទថា សកម្មវាយប្រហារកាលពីថ្ងៃអាទិត្យទី២៨មករាដាក់លើមូលដ្ឋាន Al-Tanf ឬ Tower 22 ក្នុងទឹកដីស៊ីរីនោះ គឺជាអំពើ របស់ក្រុមសកម្មជនប្រដាប់អាវុធឥស្លាមដែលអ៊ីរ៉ង់គាំទ្រ។

មិនមានសេចក្តីរាយការណ៍កំណត់ថាតើក្រុមឥស្លាមមួយណាដែលស្ថិតនៅពីក្រោយការវាយប្រហារដោយដ្រូនធ្វើ ឱ្យទាហានអាមេរិកស្លាប់និងរបួសជាច្រើននាក់នេះឡើយ បើទោះបីជាមានសេចក្តីរាយការណ៍ថាក្រុមឈ្មោះ Islmic Resistance ក្នុងទឹកដីអ៊ីរ៉ាក់បានប្រកាសការទទួលខុសត្រូវក៏ដោយ។

* រដ្ឋាភិបាលក្រុងវ៉ាស៊្ហីនតោនកំពុងប្រឈមនឹងបញ្ហាស្មុគស្មាញ

ប្រធានាធិបតី Joe Biden បានសន្យាថានឹងមានការឆ្លើយតបយ៉ាងខ្លាំងក្លាមួយតបតទៅវិញចំ ពោះព្រឹត្តិការណ៍ថ្ងៃទី២៨ មករានោះ ប៉ុន្តែភាពមិនដាច់ស្រេច និងការរារែកខ្លះ បានលេចឡើងចំពោះសហរដ្ឋអាមេរិកដែលនឹងត្រូវរើសនូវជំរើសដ៏ត្រឹមត្រូវមួយនោះ គឺរវាងត្រូវវាយបំបាក់ ឬ អំពើរាលដាលកាន់តែកើនឡើង។

មន្ត្រីនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានថ្លែងថាសហរដ្ឋអាមេរិកមិនចង់ធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ឡើយ។ លោក John Kirby បានថ្លែងថា «យើងមិនស្វែងរកការធ្វើសង្គ្រាមណាមួយជាមួយនឹងអ៊ីរ៉ង់ឡើយ។ យើងនឹងមិនស្វែងរកការពង្រីកទំនាស់ឱ្យធំក្នុងតំបន់មជ្ឈិមបូព៌ាឡើយ។ តាមពិតរាល់សកម្មភាពដែល លោកប្រធានាធិបតីចូបៃដិនបានធ្វើនោះ គឺក្នុងបំណងដើម្បីឱ្យភាពតានតឹងបានធ្លាក់ចុះមកវិញតែប៉ុណ្ណោះ»។ លោកបន្តថាពិតប្រាកដណាស់ ការវាយប្រហារដាក់មក លើកងកម្លាំងអាមេរិកនាពេលនេះ គឺមានសភាពធ្ងន់ធ្ងរណាស់ ដែលសហរដ្ឋអាមេរិកត្រូវតែចាត់វិធានការតបត ប៉ុន្តែខ្ញុំនឹងមិនរៀបរាប់នៅមុនអ្វីដែលលោកប្រធានាធិបតី បានសម្រេចចិត្តនោះឡើយ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងថាលោកមិនចង់ឱ្យភាពតានតឹងកើនឡើងក្នុងឆ្នាំ២០២៤ ដែលកំពុងមានការរៀបចំបោះឆ្នោតប្រធានាធិបតីអាមេរិកឡើយ ប៉ុន្តែលោកក៏មិនចង់ឱ្យគេចោទដល់រូបលោកថាមានជំហរទន់ចំពោះសត្រូវរបស់អាមេរិកនោះផងដែរជា ពិសេសគឺប្រទេសអ៊ីរ៉ង់តែម្តង។ ភាពបរាជ័យមិនធ្វើសកម្មណាមួយ ដើម្បីតបតចំពោះការសងសឹកនេះ គឺហាក់ដូចជាការបញ្ជួនសារមួយបង្ហាញភាពទន់ខ្សោយដែលដូចជានឹងជម្រុញអំពើវាយប្រហារដដែលនេះកាន់តែកើនឡើងថែមទៀត។ ប៉ុន្តែបើសិនជាធ្វើសកម្មភាពវាយប្រហារខ្លាំងក្លា វាហាក់ដូចជាការឆ្លើយ តបមួយដោយការបញ្ឆេះឱ្យអ៊ីរ៉ង់និងក្រុមបក្ខពួករបស់គេលោតចូលក្នុងសង្គ្រាមដែលនឹងកាន់ តែរាលដាលធំក្នុងពិភពលោក។

* ដូច្នេះតើនឹងមានជម្រើសអ្វីខ្លះ? ហើយតើជម្រើសនោះ អាចយកមកដំណើរការបានដែរឬ ទេ?

សហរដ្ឋអាមេរិកមានជម្រើសយោធារបស់ខ្លួនរួចជាស្រេចក្នុងការត្រៀមធ្វើសកម្មភាពគ្រប់ ពេលវេលា។ ជម្រើសយោធាទាំងនេះ ត្រូវបានរៀបចំឡើងដោយក្រសួងការពារជាតិ សហរដ្ឋអាមេរិកជាមួយនឹងការបញ្ចូលព័ត៌មានសម្ងាត់ពីក្រុម CIA និងទីភ្នាក់ងារសន្តិសុខជាតិ។ ជម្រើសយោធាទាំងនោះ នឹងត្រូវបានដាក់បង្ហាញទៅដល់ ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក និងអ្នកបង្កើតគោលនយោបាយ Policymakers ដោយប្រធានាធិបតីនឹងត្រូវធ្វើការសម្រេចចិត្តចុងក្រោយ និងចុះហត្ថលេខាលើ ដំណើរការដែលត្រូវបានជ្រើសរើសនោះ។

* ជម្រើសទី១៖ វាយប្រហារលើមូលដ្ឋានសម្ព័ន្ធមិត្តអ៊ីរ៉ង់ និងមេបញ្ជាការ

នេះជាជម្រើសច្បាស់បំផុត និងជាជម្រើសមួយដែលត្រូវបានគេប្រើកាលពីអតីតកាល។ មានមូលដ្ឋានរបស់សត្រូវមួយចំនួនធំ, ឃ្លាំងផ្ទុកអាវុធ និងទីតាំងហ្វឹកហ្វឺន នានានៅ ទូទាំង ប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែលសុទ្ធជារបស់កងជីវពលឥស្លាមដែលគាំទ្រដោយអ៊ីរ៉ង់។ កងជីវពលឥស្លាមទាំងនេះត្រូវបានបណ្តុះបណ្តាល, បំពាក់គ្រឿងសព្វាវុធ និងទទួលបានការផ្តល់មូលនិធិដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ Iran’s Revoultionany Gusrds Corps Quds Force។ សហរដ្ឋអាមេរិកដឹងថាក្រុមទាំងនោះ ជានរណា និងដឹង មូលដ្ឋានរបស់ពួកគេទាំងនោះស្ថិតនៅកន្លែងណាថែមទៀត។ ប៉ុន្តែកន្លងមកនេះ ការវាយប្រហារក្នុងជម្រើសទី១នោះ នៅតែមិនអាចធ្វើឱ្យពួកគេខ្លាចបានឡើយ។

ក្រុមសកម្មជនប្រយុទ្ធឥស្លាមទាំងនោះ បានធ្វើការវាយប្រហារដាក់មកលើមូលដ្ឋានយោធាអាមេរិកក្នុងតំបន់ចាប់តាំងពីព្រឹត្តិការណ៍ ៧តុលា ឆ្នាំ២០២៣នោះ មក មានចំនួន ជាង១៧០លើករួចមកហើយ។ ការវាយប្រហារដែលបណ្តាលឱ្យមានទាហានអាមេរិកស្លាប់បីនាក់ និងរងរបួស៣៤នាក់ ដោយការប្រើដ្រូនកាលពីថ្ងៃអាទិត្យកន្លងមកនេះ ត្រូវបានប្រកាសការទទួលខុសត្រូវដោយក្រុម Islamic Resistance ក្នុងប្រទេសអ៊ិរ៉ាក់ថែមទៀត។ ក្រុម Islamic Resistance ក្នុងប្រទេសអ៊ិរ៉ាក់នេះគឺជា ក្រុមមួយក្នុង ចំណោមក្រុមផ្សេងៗដែលស្ថិតក្រោមឆ័ត្ររបស់ក្រុមគាំទ្រដោយប្រទេសអ៊ីរ៉ង់ទាំងអស់ ហើយក្រុមខ្លះទាំងនេះថែមទាំង ជាក្រុមកាលពីមុនធ្លាប់ប្រយុទ្ធនៅខាងជាមួយ សហរដ្ឋអាមេរិកប្រឆាំងនឹងសត្រូវរួមរបស់ពួកគេក្នុងតំបន់គឺក្រុមរដ្ឋឥស្លាម IS នោះថែមទៀត។ ប៉ុន្តែពេលនេះ ពួកគេទាំងនោះបានចូលរួម ជាមួយអ៊ីរ៉ង់ក្នុងស្មារតីប្រយុទ្ធរួមមួយ គឺការបណ្តេញសហរដ្ឋអាមេរិកចេញពីប្រទេសអ៊ីរ៉ាក់ និងស៊ីរី និងជាក្រុមដែលចូលរួមធ្វើការដាក់ទោសលើកងកម្លាំងសហរដ្ឋអាមេរិកដែលគាំទ្រអ៊ីស្រាអែល ដែលបាននិង កំពុងវាយប្រហារដាក់លើតំបន់ហ្គាហ្សានៃទឹកដីប៉ាឡេស្ទីន។

* ជម្រើសទី២៖ វាយប្រហារអ៊ីរ៉ង់

ជម្រើសនៃការវាយប្រហារដាក់លើប្រទេសអ៊ីរ៉ង់នេះនឹងអាចធ្វើឱ្យសង្គ្រាមកាន់តែរាលដាលធំ និងក៏មិនមែនជាអ្វីដែលសហរដ្ឋអាមេរិកនឹងធ្វើការពិចារណា គិតបែបងាយៗ នោះទេ។ ជម្រើសនេះទំនងនឹងមិនអាចកើតឡើងឡើយ បើទោះបីជាគេគិតឃើញនូវវិធីពន្លត់ភ្លើង ជាជាងការបក់ផ្សែងក៏ដោយ ពីព្រោះបើសិនជាមានការវាយប្រហារដាក់លើ ទឹកដីអ៊ីរ៉ង់នេះ គឺជាការជម្រុញឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលក្រុងតេហេរ៉ង់ លោតចូលក្នុងសង្គ្រាម ជាមិនខានឡើយខណៈដែលសហរដ្ឋអាមេរិកកំពុងជាប់ដៃ ក្នុងការធ្វើសង្គ្រាម២ រួចមកហើយ នេះថែមទៀតគឺសង្គ្រាមនៅអ៊ុយក្រែននិងនៅអ៊ីស្រាអែល។

ទាំងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់សុទ្ធតែបានបង្ហាញការមិនចង់លោតចូលក្នុងសង្គ្រាមពេញទំហឹងរវាងគ្នាផងដែរ។ បើសិនជាសង្គ្រាមនេះ នឹងអូសឱ្យអ៊ីរ៉ង់លោតចូលជា បន្ថែមទៀត នោះច្រកសេដ្ឋកិច្ចតាមផ្លូវទឹកដ៏សំខាន់មួយឈ្មោះ Hormuz ដែលជាច្រកដឹកជញ្ជួនប្រេង និងឧស្ម័ន្ធធម្មជាតិប្រមាណ ២០ភាគរយរបស់ពិភពលោក នឹងត្រូវបិទ ទៀតជាមិនខានឡើយ។ ប្រការនេះនឹងធ្វើឱ្យប៉ះទង្គិចខ្លាំងណាស់ដល់សេដ្ឋកិច្ចពិភពលោក, បង្កឱ្យទំនិញនានាកាន់តែឡើងថ្លៃនិងវាកាន់តែបំផ្លាញនូវឱកាសស្វែងរកជាប់ឆ្នោត សាជាថ្មីរបស់លោក ចូ បៃដិន នៅសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកានោះថែមទៀត។

ជម្រើសមួយដែលផ្លាស់ប្តូរជម្រើសទី២នេះ គឺមានតែបន្តតាមដានបណ្តាមេដឹកនាំកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដែលធ្វើដំណើរចេញចូលក្នុងទឹកដីប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ហើយជម្រើស នេះធ្លាប់មានគំរូមួយរបស់វារួចមកហើយដែលកាលពី៤ឆ្នាំមុននៅពេលដែលអតិតប្រធានាធិបតី Donald Trump បានបញ្ជាឱ្យធ្វើការវាយប្រហារដ្រូនសម្លាប់មេបញ្ជាការ កងកម្លាំង Quds Force របស់អ៊ីរ៉ង់ គឺលោក Qassim Suleimani នៅទីក្រុងបាកដាដក្នុងឆ្នាំ២០២០កន្លងមក។ ជម្រើសដដែលនេះទៀត ក៏ត្រូវបានគេមើលឃើញថា ក៏ជាការកើនឡើងភាពតានតឹងផងទៀតនិងអាចឱ្យអ៊ីរ៉ង់ធ្វើការឆ្លើយតបមកវិញនូវមធ្យោបាយកាន់តែគ្រោះថ្នាក់ថែមទៀត។

* ជម្រើសទី៣៖ ការកុំឆ្លើយតប

មានការលើកឡើងនៅក្នុងស្ថាប័នអាមេរិកដែលនិយាយថា ដោយសារភាពតានតឹងបច្ចុប្បន្ន នៅក្នុងតំបន់មជ្ឈិមបូព៌ា, រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនត្រូវពាក់ព័ន្ធ ក្នុងការវាយប្រហារដាក់មកលើផលប្រយោជន៍អ៊ីរ៉ង់នៅពេលនេះទេ ជាពិសេសនៅក្នុងឆ្នាំដែលកំពុងធ្វើការបោះឆ្នោតនេះ។ មានការលើកឡើងទៀតថា បញ្ជាការដ្ឋានទ័ពជើងទឹកអាមេរិក CENTCOM ដែលជាផ្នែកមួយរបស់ក្រសួងការពារជាតិអាមេរិកគ្របដណ្តប់តំបន់មជ្ឈិមបូព៌ា បានធ្វើការប្រយុទ្ធយ៉ាងពេញ ទំហឹងទៅហើយ ប្រឆាំងនឹងក្រុមហ៊ូធីដែលវាយប្រហារលើកប៉ាល់ដឹកជញ្ជួនទំនិញនៅដែនសមុទ្រក្រហម និងឈូងសមុទ្រ Aden។

បញ្ជាការដ្ឋានទ័ពជើងទឹកអាមេរិក CENTCOM នេះ ក៏ត្រូវគេស្នើស្តាប់ការអង្វរពីក្រុមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅជុំវិញតំបន់ សូមកុំបង្កឱ្យមានជម្លោះមជ្ឈិមបូព៌ាកាន់តែ រាលដាលធំទៀតឡើយ។ ប៉ុន្តែទស្សនៈក្នុងជម្រើសទី៣នេះ ត្រូវបានអ្នករិះគន់បាននិយាយថានយោបាយកំញើញសត្រូវ របស់អាមេរិកនាបច្ចុប្បន្ននេះបានបរាជ័យ និងថា ភាពស្ទាក់ស្ទើររបស់សហរដ្ឋអាមេរិកមិនព្រមវាយប្រហារដាក់លើប្រភពនៃសត្រូវដែលធ្វើឱ្យទាហានអាមេរិកស្លាប់និងរបួសនោះទេ គឺជាការលើកទឹកចិត្តឱ្យសត្រូវរបស់អាមេរិក បង្កើនការវាយប្រហារកាន់តែខ្លាំងឡើងថែមទៀត។

ជម្រើសទាំង៣នេះ គឺជាអ្វីដែលសហរដ្ឋអាមេរិកត្រូវជ្រើសរើស ខណៈមនុស្សមួយចំនួនបាននិយាយថាការកើនឡើងក្នុងអំពើឆ្លើយតបរបស់យោធាអាមេរិក ប្រហែលជា មិនសំខាន់ចាំបាច់ ឬមានប្រយោជន៍ក្នុងរយៈពេលវែងឡើយ។ យោងតាមសេណារីយ៉ូនេះ ការវិភាគខ្លះបាននិយាយមើលឃើញទុកជាមុនថា៖ ទីមួយ ការវាយប្រហារដោយ កងជីវពលឥស្លាមដែលគាំទ្រដោយអ៊ីរ៉ង់បានកើតឡើងមុន សង្គ្រាមអ៊ីស្រាអែល និងហាម៉ាសនៅហ្គាហ្សានោះទៅទៀត ប៉ុន្តែវាកាន់តែកើនឡើងថែមទៀតចាប់តាំងពីថ្ងៃទី 7 ខែតុលា ឆ្នាំ២០២៣។ ប៉ុន្តែ នៅពេលដែលការវាយលុករបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សានឹងត្រូវបានបញ្ចប់, នោះភាពតានតឹងនៅក្នុងតំបន់អាចនឹងធូរស្រាល បើទោះ ជាអ៊ីស្រាអែលបាននិយាយថាវានឹងអាចកើតមានក្នុងពេលច្រើនខែទៅមុខទៀតយ៉ាងណាក៏ដោយ។

ទីពីរ មានការអំពាវនាវខ្លាំងៗដោយអ្នកខ្លះនៅក្នុងក្រុងវ៉ាស៊្ហីនតោនចង់ឱ្យសហរដ្ឋអាមេរិកកាត់បន្ថយកម្លាំងយោធារបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា។ លោក ដូណាល់ ត្រាំ នៅក្នុងពេលដែល លោកធ្វើជាប្រធានាធិបតី ត្រូវបានបណ្តាមន្ត្រីយោធា និងប្រធានចារកម្មយោធាអាមេរិកបាននិយាយបញ្ចុះបញ្ចូលគាត់សុំកុំឱ្យដកកងកម្លាំងអាមេរិក ទាំងអស់ចេញពីប្រទេសស៊ីរី ជាកន្លែងដែលពួកគេកំពុងជួយកងដល់កម្លាំងKurd ក្នុងការបញ្ឈប់ ISIS មិនឱ្យវិលត្រឡប់មកវិញ។ ពេលនេះមានលទ្ធភាពដ៏ខ្លាំង មួយបង្ហាញថា ប្រសិនបើលោក Donald Trump វិលត្រលប់ មកសេតវិមានវិញ គឺនៅក្នុងឆ្នាំដែលលោកបានវិលត្រឡប់មកវិញនោះ អ៊ីរ៉ង់នឹងទទួលបាន អ្វី ដែលពួកគេត្រូវការ ប្រសិនណា បើលោក ដូណាល់ ត្រាំ នឹងសម្រេចកាត់បន្ថយវត្តមានយោធាអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីនោះ៕