(កៀវ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ដោយផ្អែកលើក្រសួងការពារជាតិរុស្ស៉ី បានរាយការណ៍នាថ្ងៃអង្គារនេះថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ី បានបាញ់កម្ទេច ឬស្ទាក់យន្តហោះដ្រូនចំនួន២១គ្រឿង ដែលអ៊ុយក្រែនបញ្ជូនមកកាន់តំបន់ឧបទ្វីបគ្រីមៀ និងតំបន់ដទៃទៀតនៅក្នុង​ប្រទេសរុស្ស៉ីផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤។

ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៉ី RIA បានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ី បានបាញ់កម្ទេចដ្រូន១១គ្រឿង នៅលើតំបន់គ្រីមៀ។ អភិបាលទីក្រុង Sevastopol នៅគ្រីមៀ បានអះអាងថា ពុំមានការបំផ្លិចបំផ្លាញបង្កឡើង ដោយសារប៉ុនប៉ងវាយប្រហាររបស់អ៊ុយក្រែន នៅទីក្រុង Sevastopol ឡើយ ខណៈវាគឺជាទីក្រុងធំជាងគេ និងជាកំពង់ផែដ៏សំខាន់មួយ ប្រចាំនៅឧបទ្វីបគ្រីមៀ។

ឧបទ្វីបគ្រីមៀត្រូវបានរុស្ស៉ីក្រសោបយកពីអ៊ុយក្រែន ទៅធ្វើជាទឹកដីរបស់ខ្លួនកាលពីឆ្នាំ២០១៤ ខណៈទង្វើនោះ ត្រូវបានថ្កោលទោសដោយ ក្រុមសម្ព័ន្ធមិត្តលោកខាងលិចរបស់ទីក្រុងកៀវ ថាជាទង្វើដណ្តើមកាន់កាប់ទឹកដីដោយខុសច្បាប់។ ជាមួយគ្នានេះ យន្តហោះដ្រូនរបស់អ៊ុយក្រែន ក៏ត្រូវបានបាញ់ទម្លាក់នៅតំបន់មួយចំនួនទៀត ក្នុងប្រទេសរុស្ស៉ីផ្ទាល់ផងដែរ រួមមាន Belgorod, Bryansk, Kaluga និង Tula។

គួរបញ្ជាក់ថា ចំណែកខាងអ៊ុយក្រែនឯណោះវិញ បានអះអាងថា កងកម្លាំងរុស្ស៉ីបានបាញ់មីស៉ីល២គ្រាប់ និងដ្រូនវាយប្រហារសរុបចំនួន៣៥គ្រឿង មកលើទឹកដីរបស់ខ្លួន កាលពីវេលាចន្លោះយប់ថ្ងៃចន្ទចូលថ្ងៃអង្គារនេះ ហើយប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បាញ់ស្កាត់បានចំនួន​១៥គ្រឿង ភាគច្រើននៅតំបន់ភាគខាងកើត និងខាងត្បូងប្រទេស៕