(ហ៊្សេរុយសាឡិម)៖ នៅក្នុងឯកសារស៉ើបការណ៍សម្ងាត់របស់អ៉ីស្រាអែល ដែលបាននាំឲ្យប្រទេសមួយចំនួនផ្អាកផ្តល់មូលនិធិ ដល់ទីភ្នាក់ងារផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិប្រចាំដែនដីប៉ាឡេស្ទីន (UNRWA) ក៏រួមមានផងដែរនូវការចោទប្រកាន់ លើបុគ្គលិកមួយចំនួនថាបានចូលរួម ក្នុងករណីចាប់ពង្រត់ និងការសម្លាប់អំឡុងពេលវាយឆ្មក់លើទឹកដីអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤។

ឯកសារ ៦ទំព័រដែល Reuters ទទួលបាន បានចោទប្រកាន់ទៅលើបុគ្គលិកប្រហែល ១៩០នាក់នៃ UNRWA ដែលរួមមានទាំងគ្រូបង្រៀន ថាសមាជិករបស់ក្រុមហាម៉ាស ឬក្រុម Islamic Jihad ដោយបញ្ជាក់ទាំងឈ្មោះ និងរូបថត ១១នាក់ក្នុងចំណោមពួកគេ។ ម្នាក់ក្នុងចំណោម ១១នាក់ គឺជាអ្នកផ្តល់ប្រឹក្សានៅសាលារៀន ដែលបានជួយកូនប្រុសរបស់ស្ត្រី ត្រូវចាប់ពង្រត់ទៅហ្គាហ្សា។ ដោយឡែក ម្នាក់ទៀតគឺជាបុគ្គលិកផ្នែកសង្គមរបស់ UNRWA ជាប់សង្ស័យក្នុងការផ្ទេរសាកសពទាហានអ៉ីស្រាអែល ដែលត្រូវគេសម្លាប់ ទៅកាន់តំបន់ហ្គាហ្សា ហើយសម្របសម្រួលឲ្យមានការយករថយន្តភីកអាប់ទៅផ្គត់ផ្គង់អាវុធ និងឲ្យក្រុមអ្នកវាយឆ្មក់ប្រើប្រាស់។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ អ្នកនាំពាក្យរបស់ UN លោក Stephane Dujarric បាននិយាយថា UN មិនទាន់បានទទួលឯកសារនេះ ជាផ្លូវការនៅឡើយទេ។ រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Israel Katz បាននិយាយថា «មានបុគ្គលិករបស់ UNRWA ចូលរួមក្នុងការសម្លាប់រង្គាលនាថ្ងៃទី៧ ខែតុលា។ ប្រធាន UNRWA លោក Philippe Lazzarini គួរតែបូកសរុបរឿងនេះ ហើយលាលែងពីតំណែងទៅ»

គួរបញ្ជាក់ថា UNRWA មានបុគ្គលិកចំនួន ១៣,០០០នាក់នៅក្នុងតំបន់ហ្គាហ្សា។ ប្រទេសជាង ១០ ដែលរួមមានទាំងម្ចាស់ជំនួយធំៗ សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានផ្អាកការផ្តល់មូលនិធិរបស់ពួកគេដល់ទីភ្នាក់ងារនេះ បន្ទាប់ពីមានរបាយការណ៍អំពី ភាពជាប់ពាក់ព័ន្ធនេះ៕

រូបភាពពី Reuters