(ការ៉ាកាស)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ សហរដ្ឋអាមេរិកបានចាប់ផ្តើមដាក់ទណ្ឌកម្មឡើងវិញលើវ៉េណេស៊ុយអេឡា តាមរយៈការរឹតត្បិតលើ​វិស័យរុករកធនធានរ៉ែ បន្ទាប់ពីតុលារកំពូលរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ បានសម្រេចរក្សាការហាមឃាត់មិនឱ្យមេដឹកបក្សប្រឆាំងលេចធ្លោ១រូប អាចឈរឈ្មោះជាបេក្ខជន ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤។

កាលពីចុងសប្តាហ៍មុន ទីក្រុងវ៉ាស៉ីនតោនបានព្រមានទីក្រុងការ៉ាកាសថា ខ្លួនអាចនឹងបញ្ចប់ការបន្ធូរបន្ថយទណ្ឌកម្មមួយចំនួន ដែលត្រូវបាន​ធ្វើឡើងកាលពីឆ្នាំមុន នៅពេលវ៉េណេស៊ុយអេឡា បានយល់ព្រមចំពោះកិច្ចព្រមព្រៀងមួយ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៤។ យ៉ាងណាក្តី កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ តុលាការកំពូលវ៉េណេស៊ុយអេឡា ដែលស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលប្រធានាធិបតី លោក Nicolas Maduro បានសម្រេចរក្សាបម្រាមរយៈពេលរហូតដល់១៥ឆ្នាំ លើមេដឹកនាំក្រុមប្រឆាំង គឺលោកស្រី Maria Corina Machado។ លោកស្រី Maria វ័យ៥៦ឆ្នាំ​ បានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតបឋមជ្រើសរើស បេក្ខជនតំណាងក្រុមបក្សប្រឆាំង កាលពីខែតុលា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា កន្លងមករដ្ឋាភិបាលលោក Maduro បានបង្កើនក្តីសង្ឃឹម ជាមួយទីក្រុងវ៉ាស៉ីនតោន នៅពេលដែលខ្លួនឈានដល់កិច្ចព្រមព្រៀងមួយ កាលពីឆ្នាំមុន នៅឯប្រទេសបាបាដុស (Barbados) ជាមួយក្រុមបក្សប្រឆាំងវ៉េណេស៊ុយអេឡា ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលនឹងប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌ ក្នុងឆ្នាំ២០២៤នេះ ក្រោមការចូលរួមសង្កេតការណ៍ពីអន្តរជាតិ។ កិច្ចព្រមព្រៀងនោះបានមើលឃើញ សហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្មលើវ៉េណេស៊ុយអេឡា ដោយអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិក Chevron បន្តប្រតិបត្តិការបូមប្រេងដោយមានកម្រិតឡើងវិញ នៅប្រទេសអាមេរិកខាងត្បូងមួយនេះ ហើយឈានដល់ការដោះដូរ​អ្នកទោសថែមទៀតរវាងប្រទេសទាំងពីរ៕

រូបភាពពី Reuters