(វ៉ាស៉ីនតោន)៖ នាយករដ្ឋមន្រ្តីនៃប្រទេសកាតា នៅថ្ងៃចន្ទសប្តាហ៍នេះថាបានបង្ហាញក្ដីសង្ឃឹមថាការសងសឹករបស់សហរដ្ឋអាមេរិក ចំពោះការវាយប្រហារដែល បានសម្លាប់ទាហានអាមេរិក ៣នាក់នៅហ្ស៊កដានី នឹងមិនបង្អាក់វឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល-ហាម៉ាស់ នៅក្នុងកិច្ចពិភាក្សា ចុងសប្តាហ៍នេះឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤។

នៅពេលសួរថា តើការសងសឹករបស់អាមេរិកចំពោះការវាយប្រហារដោយយន្តហោះដ្រូន ពីសំណាក់ក្រុមប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ អាចជះឥទ្ធិពលដល់កិច្ចព្រមព្រៀង ដែលកំពុងលេចចេញជារូបរាងនេះឬទេ? នាយករដ្ឋមន្ត្រីកាតា ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីន អាប់ឌុលរ៉ស់ម៉ាន ប៊ីន ចាសស៊ីម អាល់​ថានី (Mohammed bin Abdulrahman bin Jassim al Thani) បានប្រាប់អ្នកចូលរួមនៅឯវិទ្យាស្ថាន Atlantic Council ក្នុងទីក្រុងវ៉ាស៉ីនតោន យ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា គ្មានអ្វីអាចធ្វើឲ្យ ខូចដល់កិច្ចខិតខំប្រឹងប្រែង ដែលយើងកំពុងធ្វើ ឬប៉ះពាល់ដល់ដំណើរការនោះទេ។ ប្រាកដណាស់ថានឹងមានផលប៉ះពាល់ ពីចំណាត់ការសងសឹករបស់អាមេរិក ចំពោះសន្តិសុខក្នុងតំបន់ ហើយយើងសង្ឃឹមថាអ្វីៗអាចគ្រប់គ្រងបាន»

កាលពីចុងសប្តាហ៍កន្លងទៅនេះ នាយក CIA លោក William Burns បានជួបនាយករដ្ឋមន្ត្រីកាតា ក៏ដូចជាប្រធានសេវាស៉ើបការណ៍សម្ងាត់ Mossad របស់អ៉ីស្រាអែល និងប្រធានផ្នែកចារកម្មអេហ្ស៉ីប សម្រាប់កិច្ចពិភាក្សាមួយ ដែលអ៉ីស្រាអែល កាតា និងអាមេរិក ពិពណ៌នាថាមានលក្ខណៈស្ថាបនា។

គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងនៅជុំវិញតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីផ្ទុះសង្រ្គាមហ្កាហ្សា ដោយក្រុមហ៊ូទីរបស់យេម៉ែន បានធ្វើការវាយប្រហារមកលើ សហរដ្ឋអាមេរិក និងគោលដៅផ្សេងទៀតនៅសមុទ្រក្រហម។ ការស្លាប់របស់សមាជិកសេវាកម្មអាមេរិក ៣នាក់ និងរបួសជាង៤០នាក់ នៅក្នុងការវាយប្រហារលើ កងទ័ពអាមេរិក នៅភាគឦសានប្រទេសហ្ស៊កដានី ក្បែរព្រំដែនស៉ីរី កាលពីថ្ងៃអាទិត្យ កំពុងធ្វើឲ្យស្ថានការណ៍កាន់តែតានតឹងថែមទៀត ខណៈដែលអាមេរិកនិយាយថា ធ្វើឡើងពីសំណាក់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់៕

រូបភាព Sheikh Mohammed Bin Abdulrahman Bin Jassim Al Thani ដោយ Reuters