(ព្រុចសែល)៖ សមាជិករបស់សហភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នាជាឯកច្ឆន្ទ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីរក្សាទុកទ្រព្យសម្បត្តិតម្លៃរាប់ពាន់លានអឺរ៉ូ របស់ ធនាគារកណ្តាលរុស្ស៉ី ដែលត្រូវបានបង្កកនៅអឺរ៉ុប សម្រាប់គម្រោងជួយអ៊ុយក្រែនកសាងប្រទេសឡើងវិញ ក្រោយការឈ្លានពានរបស់រុស្ស៉ី។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤។

បែលហ្សិក ដែលកាន់តំណែងជាប្រធានប្តូរវេន ៦ខែនៃសហភាពអឺរ៉ុប បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិកទាំង ២៧របស់ EU បានយល់ព្រមជា គោលការណ៍ជំហានដំបូង នៅក្នុងជំនួបកាលពីថ្ងៃចន្ទសប្តាហ៍នេះ។ ការយល់ព្រមជាគោលការណ៍នេះ កើតមានឡើងតែប៉ុន្មានថ្ងៃនៅមុនកិច្ចប្រជុំកំពូល ដែលបណ្តាមេដឹកនាំសហភាពអឺរ៉ុប ត្រូវព្យាយាមយកឈ្នះលើការជំទាស់របស់ហុងគ្រី ជុំវិញការផ្តល់មូលនិធិចំនួន ៥០ពាន់លានអឺរ៉ូ ឬស្មើនឹងជាង ៥៤ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែនក្នុងរយៈពេល ៤ឆ្នាំខាងមុខ។

សេចក្តីព្រៀងគោលការណ៍នេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យផ្នែកច្បាប់ និងភាសា មុនពេលមានការអនុម័តជាផ្លូវការ​។ បន្ទាប់មក គណៈកម្មការអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងស្នើផ្ទេរប្រាក់ ដែលកំណត់ថាចូលទៅក្នុងថវិការបស់សហភាពអឺរ៉ុប ហើយទើបបញ្ជូនបន្ត ទោះបីជាមិនច្បាស់ថានៅពេលណាបានទៅដល់ដៃអ៊ុយក្រែនក្តី។

គួរបញ្ជាក់ថា​ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និងកាណាដា បានបង្កកទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៉ីប្រមាណ ៣០០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ នៅពេលរុស្ស៉ីបើកការឈ្លានពានអ៊ុយក្រែន។ ទឹកប្រាក់ប្រហែល ២០០ពាន់លានដុល្លារ នៃទ្រព្យសម្បត្តិទាំងនោះត្រូវបានកាន់កាប់នៅអឺរ៉ុបភាគច្រើន និងជាចម្បង នៅក្រោមសេវាកម្មហិរញ្ញវត្ថុ Euroclear របស់បែលហ្សិក។ បារាំង និងអាល្លឺម៉ង់ បានសម្តែងការទាយទុករួចទៅហើយអំពីផែនការនេះ ខណៈដែលធនាគារកណ្តាល អឺរ៉ុបព្រមានថា ការធ្វើបែបនេះអាចបំផ្លាញទំនុកចិត្តលើប្រាក់អឺរ៉ូ ឲ្យធ្វើទីផ្សារពិភពលោកជ្រួលច្របល់៕

រូបភាពពី Reuters